(អ៊ីរ៉ាក់)៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi បាននិយាយថា ទីក្រុងបាកដាដមិនយល់ស្របឡើយ ចំពោះការធ្វើឱ្យរដ្ឋណាមួយ នៃតំបន់ឈូងសមុទ្រហ្គូលកា្លយជាប្រទេសឯកោ ដោយលោកបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការកាត់ផ្ដាច់ការផ្ដល់ហិរញ្ញវត្ថុដល់ក្រុមភេរវករ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់ លោក Abadi ធ្វើឡើងនៅចំពេលអារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធមិត្តរបស់ខ្លួនមួយចំនួន បានសម្រេចចិត្តធ្វើសង្រ្គាមការទូតជាមួយកាតា តាមរយៈការផ្ដាច់ទំនាក់ទំនងការទូតបិទព្រំដែន ដោយចោទថា ទីក្រុងដូហាបានផ្ដល់លុកកាក់ឱ្យពួកភេរវករ។ ដោយឡែកជុំវិញជម្លោះការទូតនេះដែរ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាយករដ្ឋមន្ត្រីអ៊ីរ៉ាក់រូបនេះបានលើកឡើងថា «យើងមានផលប្រយោជន៍រួមគ្នា ជាមួយបណ្ដាប្រទេសជិតខាង នោះគឺការបញ្ចប់ជម្លោះនៅក្នុងតំបន់ ហើយបើទោះបីជាយើងមិនមែនជា ភាគីជម្លោះនៅក្នុងវិបត្តិឈូងសមុទ្រហ្គូលនោះក៏ដោយ ក៏ប៉ុន្តែអ៊ីរ៉ាក់ប្រឆាំងនឹងការរាំងខ្ទប់លើរដ្ឋណាមួយនៅក្នុងតំបន់នេះ ព្រោះវាមិនមែនជាបញ្ហានយោបាយឡើយ តែវាគឺជាបញ្ហាគោលការណ៍។ មួយវិញទៀត អ៊ីរ៉ាក់ធ្លាប់ទទួលរងទណ្ឌកម្មរយៈពេលជាង ១៣ឆ្នាំ ដូច្នេះប្រជាជនអ៊ីរ៉ាក់យល់ច្បាស់ពីការលំបាកនេះ និងមិនចង់ឃើញរឿងបែបនេះកើតឡើង លើប្រទេសដទៃនោះទេ»។
គួររំលឹកថា កាលពីថ្ងៃចន្ទ អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន អេហ្ស៊ីប និងប្រទេសមួយចំនួនទៀត បានសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតា ដោយសំអាងថា ទីក្រុងដូហាធ្វើសកម្មភាពបង្កអស្ថេរភាពនៅក្នុងតំបន់ និងគំាទ្រក្រុមភេរវករ ប៉ុន្តែកាតាបានច្រានចោលការចោទប្រកាន់នេះ៕