(អ៊ីស្រាអែល)៖ ខណៈបណ្ដាប្រទេសអារ៉ាប់កំពុងហែកហួរគ្នា ដោយសាររឿងចោទកាតាគាំទ្រក្រុមភេរវករ ងាកអ៊ីស្រាអែលឯវិញបានឆ្លៀតឱកាសសង្កត់កប្រជាជនប៉ាឡេស្ទីន តាមរយៈការសម្រេចចិត្តកាត់ផ្ដាច់ការផ្គត់ផ្គង់អគិ្គសនីទៅកាន់តំបន់ Gaza Strip ហើយដែលការសម្រេចចិត្តបែបនេះ អាចនឹងបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សុខមាលភាព និងការរស់នៅរបស់ប្រជាជនប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០១៧។
ការិយាល័យសន្តិសុខអ៊ីស្រាអែល បានបោះឆ្នោតជាឯកច្ឆ័នក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ Gaza Strip កាលពីថ្ងៃចន្ទ ដោយពួកគេអះអាងថា ខាងអាជ្ញាធរប៉ាឡេស្ទីន បានដាក់កំហិតលើការចំណាយ ទៅលើបណ្ដាញអគ្គិសនីផ្គត់ផ្គង់ដោយអ៊ីស្រាអែល។ «នេះគឺជាការសម្រេចចិត្តមួយរបស់ (ប្រធានាធិបតីប៉ាឡេស្ទីន លោក Abbas)... ហើយការចំណាយរបស់អ៊ីស្រាអ៊ែល ទៅលើការប្រើប្រាស់អគ្គិសនីនៅក្នុងតំបន់ Gaza គឺជារឿងមិនអាចទៅរួច»។ នេះគឺជាសម្ដីចេញពីមាត់រដ្ឋមន្ត្រីសន្តិសុខសាធារណៈ អ៊ីស្រាអែល លោក Gilad Erdan។
ទោះបីជាយ៉ាងណាក៏ដោយ សាស្រ្ដាចារ្យមកពីសាកលវិទ្យាល័យ al-Azhar University of Gaza លោក Asa’ad Abu Skarekh បានហៅការសម្រេចចិត្តនេះថា ជាការដាក់ទណ្ឌកម្មរបស់អ៊ីស្រាអែល មកលើប្រជាជនប៉ាឡេស្ទីន។ លោក Skarekh បានគូសបញ្ជាក់ដូច្នេះថា «មន្ទីរពេទ្យជាច្រើននៅក្នុងតំបន់ Gaza មានអ្នកជំងឺជាច្រើននាក់ ត្រូវការគ្រឿងម៉ាស៊ីនបន្តជីវិតរស់ ដូច្នេះបើសិនជាគ្មានអគ្គិសនី ពួកគេទាំងនេះនឹងត្រូវស្លាប់ ហើយជាការពិតយើងត្រូវការអគ្គិសនី សម្រាប់សាកលវិទ្យាល័យ សាលារៀន និងការរស់នៅប្រចំាថ្ងៃរបស់យើង... អគី្គសនីចាំបាច់ណាស់ត្រូវតែផ្គត់ផ្គង់ ដល់ជីវិតទំាងអស់ឡើងវិញ»។
គួរបញ្ជាក់ថា តំបន់ Gaza Strip គ្រប់គ្រងដោយក្រុមហាម៉ាស់ ដែលអ៊ីស្រាអែលចាត់ទុកថា ជាក្រុមភេរវករ និងជាបន្លានៅក្នុងកែវភ្នែក ត្រូវតែដកចេញនៅថ្ងៃមួយ ព្រោះចលនាហាម៉ាស់នេះឯង អាចនឹងក្លាយជាចលនាជាតិនិយមអារ៉ាប់ប្រឆាំងនឹងអ៊ីស្រាអែល បើសិនអ៊ីស្រាអែល បណ្ដាឱ្យចលនាមួយនេះកាន់តែរីកធំធាត់៕