(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson បានឲ្យដឹងថា និសិត្សអាមេរិកម្នាក់មានឈ្មោះថា Otto Warmbier ដែលត្រូវបានកូរ៉េខាងជើងកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ កាលពីឆ្នាំមុននោះ នៅទីបំផុតត្រូវបានដោះលែងឲ្យមាន សេរីភាពវិញហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅយប់ថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។
លោក Rex Tillerson បានថ្លែងថាលោក Warmbier កំពុងនៅតាមផ្លូវធ្វើដំណើរវិលត្រឡប់មកកាន់សហរដ្ឋអាមេរិក ដើម្បីជួបជុំបងប្អូន ក្រុមគ្រួសារសាច់ញាតិរបស់លោកវិញហើយ។ លោក Tillerson បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រសួងការបរទេសអាមេរិក បានធានាឲ្យមានការដោះលែងលោក Warmbier ទៅតាមការបង្គាប់បញ្ជារបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តីការបរទេសអាមេរិក បានបន្ថែមថា ក្រសួងការបរទេស កំពុងតែបន្តជជែកពិភាក្សា ជាមួយកូរ៉េខាងជើង ពាក់ព័ន្ធនឹងជនជាតិ អាមេរិកចំនួនបីនាក់ផ្សេង ទៀតដែលត្រូវបានឃុំខ្លួននៅទីនោះ។
សូមជំរាបថាលោក Otto Warmbier វ័យ២២ឆ្នាំ គឺជានិសិ្សតមកពីសាកលវិទ្យាល័យ Virginia របស់សហរដ្ឋអាមេរិក ហើយរូបលោក ត្រូវបានគេចាប់ខ្លួននិងកាត់ទោសដាក់ពន្ធនាគារនៅកូរ៉េខាងជើង កាលពីខែមីនា ឆ្នាំ២០១៦កន្លងទៅ ក្រោមបទចោទប្រកាន់ថាបាន ប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងរដ្ឋអំណាច៕