(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងជួបជាមួយប្រធានាធិបតីថ្មី របស់ប្រទេសកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ដើម្បីពិភាក្សាទល់មុខគ្នាជាលើកដំបូងលើបញ្ហាសំខាន់ៗជាច្រើន នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ពីរថ្ងៃរបស់លោក មូន ចាប់ពីថ្ងៃទី២៩ដល់ទី៣០ ខែមិថុនាខាងមុខនេះ នៅឯសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅយប់ថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។
សេតវិមានអាមេរិក នាថ្ងៃអង្គារនេះ បានចេញសេចក្តីថ្លែងការណ៍មួយឲ្យដឹងថា «ប្រធានាធិបតីលោក ដូណាល់ ត្រាំ រួមជាមួយ ប្រធានាធិបតីលោក មូន ជែអ៊ីន នឹងជួបជជែកពិភាក្សាគ្នា អំពីវិធីសាស្រ្តនានា ដើម្បីបន្តពង្រឹងសម្ព័ន្ធភាពដ៏ជិតស្និទ្ធរឹងមាំ អាមេរិក-កូរ៉េខាងត្បូង ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការលើបញ្ហាសេដ្ឋកិច្ចនិងសកល»។
ជាចុងក្រោយសេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា «មេដឹកនាំទាំងពីរ ក៏នឹងធ្វើការពិភាក្សាលម្អិតទៅលើបញ្ហានានា ពាក់ព័ន្ធនឹង ប្រទេសកូរ៉េខាងជើងផងដែរ រួមមានការចាត់វិធានការតបត និងទប់ស្កាត់ការគំរាមកំហែង ដែលកំពុងតែកើនឡើងដោយសារ កម្មវិធីមីស៊ីលផ្លោងនិងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង»៕