(កៀវ)៖ អំពើហិង្សានិងជម្លោះប្រដាប់អាវុធ នៅក្នុងតំបន់ Donbass ភាគខាងកើតប្រទេសអុយក្រែន បានផ្តាច់យកអាយុជីវិត មនុស្សដល់ទៅជាង១០,០០០នាក់ និងបានបន្សល់ទុកជិត២៤,០០០នាក់ផ្សេងទៀតទទួលរងរបួស រួមទាំងបានបង្ខំឲ្យប្រជាជន មិនតិចជាង១.៦លាននាក់ឡើយ ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ គិតចាប់តាំងតែពីវិបត្តិសង្រ្គាមស៊ីវិលនេះ បានផ្ទុះឡើងកាលពីឆ្នាំ២០១៤។ នេះបើតាមការឲ្យដឹងពីការិយាល័យ នៃឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។
របាយការណ៍ដែលចេញផ្សាយនាថ្ងៃអង្គារនេះ បានបញ្ជាក់ដូច្នេះថា «រាប់ចាប់តាំងពីពេលចាប់ផ្តើមនៃជម្លោះប្រដាប់អាវុធនេះ កាលពីពាក់កណ្តាលខែមេសា ឆ្នាំ២០១៤មក រហូលដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ មនុស្សយ៉ាងតិច១០,០៩០នាក់ រួមមានទាំងជនស៊ីវិលស្លូតត្រង់ចំនួន២,៧៧៧នាក់ បានបាត់បង់ជីវិត និងយ៉ាងតិច២៣,៩៦៦នាក់បានរងរបួស ហើយជាង១.៦លាននាក់ទៀត បានបង្ខំចិត្តភៀសខ្លួន ខណៈតួលេខជាក់ស្តែងពិតប្រាកដ ទំនងជាខ្ពស់ជាងនេះទៅទៀត»។
គួរបញ្ជាក់ថា អ៊ុយក្រែន បានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយ នៅតំបន់ភាគកើតប្រទេស បន្ទាប់បណ្តាប្រជាពលរដ្ឋ នៅក្នុងតំបន់បានបដិសេធ មិនទទួលស្គាល់រដ្ឋាភិបាលថ្មី ដែលបានឡើងកាន់អំណាច។ យ៉ាងណាមិញ កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ ក្រោយមកក៏ត្រូវសម្រេចបាននៅក្នុងទីក្រុង Minsk កាលពីឆ្នាំ២០១៥ ដោយមេដឹកនៃក្រុម Normandy Four ដែលរួមមានបារាំង, អាល្លឺម៉ង់, រុស្ស៊ី, និងអ៊ុយក្រែន ប៉ុន្តែទោះបីជាមានកិច្ចព្រមព្រៀងនេះក៏ដោយ ស្ថានការណ៍នៅភាគខាងកើតអ៊ុយក្រែន នៅតែបន្តមានភាពតានតឹងដដែលមកទល់សព្វថ្ងៃនេះ៕