(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមាន អ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ អាជ្ញាធរបង់ក្លាដែស បានឱ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងហោចណាស់៤៥នាក់ បានស្លាប់ដោយសារតែគ្រោះរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងខ្លាំង នៅក្នុង ស្រុកចំនួន០៣ ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេស គិតចាប់តាំងពីថ្ងៃចន្ទមក៕
២៖ កូរ៉េខាងត្បូង បានប្រទះឃើញយន្តហោះដ្រូន (Drone) ធុនតូចមួយគ្រឿងរបស់កូរ៉េខាងជើង បំពាក់មកជាមួយនូវកាមេរ៉ាចាប់រូបភាព ដែលបានធ្លាក់បន្ទាប់ពីវាបានហោះ ស៊ើបការណ៍ពីលើប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THAAD ដែលកំពុងដំណើរការនៅក្នុងទឹកដីកូរ៉េខាងត្បូង៕
៣៖ សហរដ្ឋអាមេរិក បានថ្កោលទោសយ៉ាងខ្លាំងចំពោះការបង្រ្កាបរបស់អាជ្ញាធររុស្ស៊ី ទៅលើក្រុមបាតុករប្រឆាំងនឹងអំពើពុករលួយកាលពីថ្ងៃចន្ទ និងអំពាវនាវឱ្យទីក្រុងម៉ូស្គូ ដោះលែងអ្នតតវ៉ាដោយសន្តិវិធី ដែលត្រូវបានឃុំខ្លួននៅទូទាំងប្រទេស។ នៅក្នុងបាតុកម្មតវ៉ានោះដែរ អាជ្ញាធរុស្ស៊ី បានចាប់ក្រុមអ្នកតវ៉ា ៨២៥នាក់ ខណៈមេដឹកនាំបក្សប្រឆាំង លោក Alexei Navalny ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ៣០ថ្ងៃ ក្រោមបទចោទប្រកាន់ថាបានប្រមូលផ្ដុំការធ្វើបាតុកម្មតវ៉ាដោយខុសច្បាប់៕
៤៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចង្អុលមុខសហរដ្ឋអាមេរិកចំៗតែម្ដងថាជាអ្នកគាំទ្រក្រុមភេរវករនៅឯសាធារណៈរដ្ឋ Chechnya ដែនដីរុស្ស៊ីតាមរយៈការ ផ្ដល់ហិរញ្ញវុត្ថុ និងជំនួយផ្នែកនយោបាយ ស្របពេលកងកម្លាំងរុស្ស៊ី បាននិងកំពុងដឹកនាំប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងពួកភេរវករនៅក្នុងតំបន់មួយនេះ។ ប៉ុន្តែនេះមិនមែនជា រឿងប្លែក ឬក៏ជាលើកទី០១ឡើយ ដែលលោកពូទីន ចោទសហរដ្ឋអាមេរិកដូច្នេះ៕
៥៖ យោធាហ្វីលីពីន បានចេញមុខច្រានចោលព័ត៌មានបំប៉ោង របស់ក្រុមឧទ្ទាមគាំទ្រ ISIS ដែលថាពួកគេកំពុងគ្រប់គ្រងទីក្រុង Marawi ដល់ទៅពីរភាគបី ដោយអះអាងថា ពួកឧទ្ទាមទាំងនោះអាចគ្រប់គ្រងបានតំបន់នានាត្រឹមតែ ២០ភាគរយប៉ុណ្ណោះ៕
៦៖ សហរដ្ឋអាមេរិក ជាថ្មីម្ដងទៀត នៅតែអះអាងថាខ្លួននឹងប្រើប្រាស់ជម្រើសគ្រប់បែបយ៉ាង ដើម្បីជាការឆ្លើយតបចំពោះការធ្វើតេស្តគំរាមកំហែង នៃអាវុធមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ណាមួយនាពេលអនាគត។ ការអះអាងបែបនេះ ធ្វើឡើងនៅចំពេលដែលយោធាអាមេរិក រំពឹងថាកូរ៉េខាងជើង នឹងបាញ់សាកល្បងមីស៊ីល ICBM ជាលើកដំបូងនៅ ក្នុងឆ្នាំ២០១៧នេះ៕