(តេហេរ៉ង់)៖ ប្រមុខដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនកំពុងតែភូតកុហកបោកប្រាស អំពីយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម នៅតំបន់មជ្ឈិមបូព៌ា ហើយផ្ទុយទៅវិញសកម្មភាពរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះ បែរជាបានធ្វើឲ្យក្រុមភេរវករ ISIS មានឥទ្ធិពលកាន់តែខ្លាំងឡើងៗ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅរសៀលថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងនៅចំពោះមុខបណ្តាមន្រ្តីរដ្ឋាភិបាលអ៊ីរ៉ង់នាពេលថ្មីៗនេះ មេដឹកនាំកំពូលរូបនេះ ត្រូវបានគេស្គាល់ច្បាស់អំពីការប្រើប្រាស់វោហាស័ព្ទធ្ងន់ៗ ឥតបញ្ឆិតបញ្ឆៀងប្រឆាំងអាមេរិកនោះ បានលើកឡើងថា «សហរដ្ឋអាមេរិក និងបណ្តាភ្នាក់ងាររបស់អ្នក គឺប្រភពនៃអស្ថិរភាព នៅក្នុងតំបន់មជ្ឈិមបូព៌ា... តើអ្នកណាបានបង្កើតក្រុមភេរវករ ISIS? គឺអាមេរិកហ្នឹងឯង! ហើយការអះអាងរបស់អាមេរិក ស្តីពីប្រតិបត្តិការអន្តរជាតិ ប្រឆាំងនឹងក្រុម ISIS គឺជារឿងភូតកុហកបោកប្រាសសុទ្ធសាធ»។
ម៉្យាងវិញទៀត លោក Khamenei បានបន្ថែមទៀតថា វាស្ទើរតែគ្មានផ្លូវនោះឡើយសម្រាប់ធ្វើឲ្យប្រសើរឡើង នូវទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអាមេរិក ដោយលោកបានបញ្ជាក់ថា «អាមេរិកគឺជាប្រទេសភេរវករ និងជាប្រទេសគាំទ្រអំពើភេរវកម្ម ដូច្នេះហើយយើងមិនអាចធ្វើឲ្យមានប្រក្រតីភាពឡើងវិញ នូវចំណងទាក់ទង ជាមួយប្រទេសបែបនេះជាដាច់ខាត»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ បានជួបប្រទះភាពល្អក់កករខ្លាំងទៅៗ ជាពិសេសគឺនាពេលថ្មីៗនេះ បន្ទាប់ពីមានការចោទប្រកាន់ដោយមន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើន ដែលថា សហរដ្ឋអាមេរិកបានចងសម្ព័ន្ធមិត្តជាមួយក្រុម ISIS ស្របពេលដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានចោទទៅវិញថា តាមពិតអ៊ីរ៉ង់ទៅវិញទេគឺជារដ្ឋគាំទ្រភេរវកម្ម៕