(កាត្មាន់ឌូ)៖ ងាកចេញពីជម្លោះការទូត ដែលបណ្តាលឲ្យប្រទេសអារ៉ាប់ជាច្រើន ផ្តាច់ទំនាក់ទំនងការទូតជាមួយនឹងប្រទេសកាតានោះ ក៏មានរឿងល្អកើតឡើងផងដែរនៅដើមសប្តាហ៍នេះ ដោយប្រទេសចំនួនពីរគូ គឺ ចិន-ប៉ាណាម៉ា និងនេប៉ាល់-អ៊ូហ្គង់ដា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមប្រភពព័ត៌មានដដែល អ្នកតំណាងអចិន្រ្តៃយ៍នេប៉ាល់ប្រចាំអង្គការសហប្រជាជាតិ (UN) លោក Durga Prasad Bhattarai និងអ្នកតំណាងអចិន្ត្រៃយ៍អ៊ូហ្គង់ដាប្រចាំ UN លោក Adonia Ayebare បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួម ស្តីពីការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ នៅក្នុងពិធីដ៏ខ្លីមួយនៅឯទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។
នាឱកាសនោះឯកអគ្គរដ្ឋទូតទាំងពីរ ក៏បានបង្ហាញពីជំនឿជឿជាក់យ៉ាងមុតមាំរៀងៗខ្លូនថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នឹងធ្វើឲ្យនេប៉ាល់ និងអ៊ូហ្គង់ដា កាន់តែជិតស្និទ្ធជាងមុន ក៏ដូចជាជួយពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងចែករំលែកបទពិសោធន៍ នៅក្នុងការអភិវឌ្ឍ និងរក្សាសន្តិភាពនៃប្រទេសទាំងពីរ។
គួរបញ្ជាក់ថា អ៊ូហ្គង់ដា គឺជាប្រទេសដែលស្ថិតនៅតំបន់អាហ្រ្វិកខាងកើត ជាមួយចំនួនប្រជាជនប្រមាណ ៣៩លាននាក់ ខណៈនេប៉ាល់ស្ថិតនៅតំបន់អាស៊ីខាងត្បូង ជាមួយប្រជាជនចំនួនជាង ២៨លាននាក់ ហើយគិតមកទល់ពេលនេះនេប៉ាល់ បានបង្កើតទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសជុំវិញពិភពលោក កើនដល់ចំនួន១៤៥ប្រទេសហើយ ដោយរាប់បញ្ចូលទាំងអ៊ូហ្គង់ដា៕