(សេអ៊ូល)៖ កូរ៉េខាងត្បូងបានប្រទះឃើញយន្តហោះដ្រូន (Drone) ធុនតូចមួយគ្រឿងរបស់កូរ៉េខាងជើង បំពាក់មកជាមួយនូវកាមេរ៉ាចាប់រូបភាព ដែលបានធ្លាក់បន្ទាប់ពីវាបានហោះហើរស៊ើបការណ៍ លើប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THADD ដែលកំពុងដំណើរការនៅក្នុងទឹកដីកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។
យន្តហោះ Drone នោះ ត្រូវបានយោធាកូរ៉េខាងត្បូង ធ្វើការវិភាគនិងត្រួតពិនិត្យឃើញថា ពិតជាបានថតយករូបភាពមួយចំនួន នៃទីតាំងតំឡើងប្រព័ន្ធ THAAD ប្រាកដមែន។ មន្រ្តីការពារជាតិកូរ៉េខាងត្បូងម្នាក់បានឲ្យដឹងដូច្នេះថា «វាត្រូវបានបញ្ជាក់ថា យន្តហោះ Drone ស៊ើបការណ៍នេះ បានលួចចាប់យករូបភាពមួយចំនួន ពីទីតាំងរបស់ប្រព័ន្ធ THAAD នៅស្រុក Seongju ក្នុងខេត្ត Gyeongsang ខាងជើង»។
គួរបញ្ជាក់ថា ចម្ងាយរវាងព្រំដែនកូរ៉េខាងជើង និងទីតាំងដាក់តំឡើងប្រព័ន្ធខែល THAAD គឺប្រមាណ ២៧០គីឡូម៉ែត្រ៕