(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចង្អុលមុខសហរដ្ឋអាមេរិកចំៗតែម្ដងថា បានគាំទ្រក្រុមភេរវករនៅឯសាធារណៈរដ្ឋ Chechnya ដែនដីរុស្ស៊ី តាមរយៈការផ្ដល់ហិរញ្ញវុត្ថុ និងជំនួយផ្នែកនយោបាយ ខណៈកងកម្លាំងរុស្ស៊ី បាននិងកំពុងដឹកនាំប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងពួកភេរវករនៅក្នុងតំបន់មួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់ លោក ពូទីន ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍អាមេរិក US TV channel Showtime កាលពីថ្ងៃចន្ទ។ នាឱកាសនោះដែរ លោក ពូទីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាគេនិយាយពីការគាំទ្រខាងនយោបាយ វាមិនចាំបាច់អី្វត្រូវបង្ហាញភស្ដុតាងឡើយ ព្រោះវាបានបង្ហាញជាសាធារណៈរួចទៅ ហើយតាមរយៈសកម្មភាពរបស់សហរដ្ឋអាមេរិក ហើយបើគេនិយាយពីការផ្ដល់ជំនួយហិរញ្ញវត្ថុវិញ នោះយើងមានភស្ដុតាង និងបានផ្ដល់វាទៅឱ្យមិត្តអាមេរិករបស់យើងផងដែរ... សង្រ្គាមត្រជាក់បានបញ្ចប់ យើងមានទំនាក់ទំនងជាមួយពិភពលោកទំាងមូលជាមួយ អឺរ៉ុប សហរដ្ឋអាមេរិក ប៉ុន្តែមកទល់ពេលនេះ យើងនៅតែមើលឃើញថា ទីភ្នាក់ងារសន្តិសុខអាមេរិក កំពុងធ្វើសកម្មភាពគាំទ្រក្រុមភេរវករ»។
ជាងនេះទៅទៀតបុរសខ្លាំងនៃសហព័ន្ធរុស្ស៊ីរូបនេះបានន្ថែមថា លោកធ្លាប់បានផ្ដល់ព័ត៌មានដល់អតីតប្រធានាធិបតីអាមេរិក លោក George Bush ទាក់ទិននឹងភស្ដុតាង រួមទាំងឈ្មោះមន្ត្រីសន្តិសុខអាមេរិកជាច្រើននាក់ ដែលបានគាំទ្រដល់ក្រុមភេរវករនៅក្នុងសាធារណៈរដ្ឋ Chechnya។
គួរបញ្ជាក់ថា លោក វ្ល៉ាឌីមៀ ពូទីន ក៏បានចោទប្រកាន់ផងដែរថា ទីក្រុងវ៉ាស៊ីនតោន គឺជាអ្នកចូលរួមចំណែកបង្កើតក្រុមអង្គការភេរវករអាល់កៃដា និងជាអ្នកទទួលខុសត្រូវលើ ស្ថានភាពពិភពលោកបច្ចុប្បន្ន។ «ក្រុមអាល់កៃដា មិនមែនកើតចេញពីសកម្មភាពរបស់យើងនោះទេ តែវាកើតចេញពីសកម្មភាពនៃមិត្តសហរដ្ឋអាមេរិករបស់យើង។ នេះបើតាមសម្តីប្រធានាធិបតីរុស្ស៊ី៕