(ដាកា)៖ អាជ្ញាធរបង់ក្លាដែសបានរាយការណ៍ថា គ្រោះរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងខ្លាំង បានផ្ដាច់យកអាយុជីវិតមនុស្ស ២០នាក់ នៅក្នុងស្រុកចំនួន០៣ ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមមន្ត្រីបង់ក្លាដែសម្នាក់នៃស្រុក Chittagong ដោយសារតែទទួលរងសម្ពាធទាប នៅឯតំបន់ឆ្នេរ Bengal វាបានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លំាង ព្រមទាំងគ្រោះរអិលបាក់ដី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់ នៅក្នុងស្រុកចំនួន០៣ មានស្រុក Chittagong, Cox's Bazaar និងស្រុក Bandarban គិតចាប់តាំងពីថ្ងៃចន្ទម្សិលមិញមក។ មន្ត្រីរូបនេះដដែល នៅក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ បានបញ្ជាក់ទៀតថា កងកម្លាំងយោធា ប៉ូលិស និងភ្នាក់ងារពន្លត់អគិ្គភ័យ នៅព្រឹកថ្ងៃអង្គារនេអបានចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរឧតុនិយមបង់ក្លាដែស កម្ពស់ទឹកនៅតាមតំបន់ស្ថិតនៅជិតដងទន្លេ ដូច្នេះហើយទើបពួកគេ អំពាវនាវឱ្យប្រជាជនរបស់ខ្លួនមានការប្រុងប្រយ័ត្តខ្ពស់ ខណៈរដ្ឋធានីដាកា និងស្រុក Chittagone ត្រូវបានទឹកជន់លិច៕