(អាមេរិក)៖ ឧបករណ៍អ៊ីនហ្វ្រា ដែលកំពុងចល័តជិតផែនដី និងមានតួនាទីចាប់សញ្ញាអាចម៍ផ្កាយ ឬវត្ថុអវកាសនៅជុំវិញយើងនោះ (NEOWISE) ទើបតែបង្ហាញអំពីលទ្ធផលរបស់ខ្លួន នោះគឺក្នុងចំណោមវត្ថុអវកាស ៩៧ ដែលកំពុងព័ទ្ធជុំវិញផែនដី មាន ១០ដុំ ដែលអាចបង្កការគំរាមកំហែងខ្លាំងទៅថ្ងៃអនាគត។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។
ក្នុងចំណោមវត្ថុអវកាសទាំង ៩៧ដុំនោះ មាន២៨ដុំគឺជាវត្ថុអវកាសដែលស្ថិតនៅជិតផែនដី (NEOs), ០៥ជាផ្កាយដុះកន្ទុយ, និង ៦៤ទៀតគឺជាអាចម៍ផ្កាយនៅក្នុងខ្សែក្រវាត់ Asteroid Belt ដែលស្ថិតនៅចន្លោះភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter)។ ចំណែកឯ ១០ដុំ ក្នុងចំណោមនោះ ដែលជាវត្ថុមានសក្តានុពលគ្រោះថ្នាក់ខ្លាំង (PHOs) មានន័យថា ជាវត្ថុអវកាសទាំងឡាយណា ដែលមានមុខកាត់យ៉ាងហោចណាស់ប្រវែង ១០០ម៉ែត្រ និងអាចធ្វើដំណើរមកក្បែរផែនដី ក្នុងរយៈចម្ងាយ ៧.៤លានគីឡូម៉ែត្រពីផែនដី។ វត្ថុទាំងនេះដែលភាគច្រើនគឺជាអាចម៍ផ្កាយនោះមានឱកាសអាចនឹងបុកចំផែន ហើយបង្កសោកនាដកម្មដ៏ដែនអាក្រក់ជាទីបំផុតនៅក្នុងតំបន់ ឬសូម្បីតែទូទាំងពិភពលោកទាំងមូល នៅពេល១០០ឆ្នាំខាងមុខ។
គួរបញ្ជាក់ថា គិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក ចំនួនវត្ថុ PHOs នៅក្នុងកំណត់ត្រា បានកើនឡើងក្នុងកម្រិតយ៉ាងខ្លាំងក្លា ដោយសារតែភាពជឿនលឿននៃប្រព័ន្ធឃ្លាំមើលទីអវកាស និងតេឡេស្កូប។ តួយ៉ាងឧបករណ៍ NEOWISE ដែលត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ២០០៩នោះ សរុបមកទល់ពេលនេះ បានប្រទះឃើញវត្ថុអវកាសថ្មីចំនួនជាង ៣៥,០០០វត្ថុ នៅក្នុងប្រព័ន្ធព្រះអាទិត្យ រួមបញ្ចូលទាំងវត្ថុ NEOs ថ្មីរាប់រយផងដែរ ដែលនៅក្នុងចំណោមនោះមានទាំងអាច និងមិនអាចបង្កគ្រោះថ្នាក់ដល់ផែនដី៕