លែងចង់ពឹងអាមេរិក? អាល្លឺម៉ង់ និងអេស្ប៉ាញ «នឹងពួតដៃគ្នាប្រមូលធនធាន ដើម្បីផលិតយន្តហោះចម្បាំងជំនាន់ថ្មី» ដែលមានសមត្ថភាពខ្លាំងអស្ចារ្យ!
13-06-2017 12:11
(ប៊ែរឡាំង)៖ ប្រទេសអាល្លឺម៉ង់ និងអេស្ប៉ាញបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចាប់ផ្ដើមប្រមូលធនធានសម្រាប់គំរោងផលិតយន្ដហោះចម្បាំងជំនាន់ថ្មីរបស់អឺរ៉ុប ខណៈ យន្ដចម្បាំងជំនាន់ក្រោយនេះត្រូវបានគេរំពឹងថា អាចនឹងត្រូវផលិតចេញពីទីក្រុង Toulouse ដែលជាមូលដ្ឋានរបស់ក្រុមហ៊ុនផលិតយន្ដហោះអឺរ៉ុប Airbus។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មានអាល្លឺម៉ង់ Handlesblatt បច្ចុប្បន្នវិស័យទ័ពអាកាសអឺរ៉ុប គឺអាស្រ័យតែទៅលើ F-16 Eurofighter, Typhoon, Tornado ក៏ប៉ុន្តែវានៅតែមិនទាន់អាចប្រកួតប្រជែង ជាមួយយន្ដហោះចម្បាំងអាមេរិកធុន F-35 ដែលមាននៅបណ្ដាប្រទេសអឺរ៉ុបមួយចំនួនដូចជា ដាណឺម៉ាក អ៊ីតាលី ហូឡង់ ណ័រវ៉េ អង់គ្លេស និងតួកគី បានឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយគិតចាប់តាំងពី លោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកមក មហាអំណាចអឺរ៉ុបដូចជា អាល្លឺម៉ង់ និងបារាំងជាដើម បានចាប់ផ្ដើមលើកឡើងពីបំណងចង់ឱ្យអឺរ៉ុបទាំងមូល មានយោធាដោយខ្លួនឯង មិនចាំបាច់ពឹងផ្អែកទាំងស្រុងតែទៅលើសហរដ្ឋអាមេរិក។
ដោយឡែកជុំវិញ គំរោងផលិតយន្ដហោះជំនាន់ថ្មីរបស់អឺរ៉ុបនេះដែរ ប្រធានផ្នែកគ្រប់គ្រងការផលិតយន្ដហោះចម្បាំង របស់ Airbus លោក Fernando Alonso បានបញ្ជាក់ថា លោកសង្ឃឹមថា បណ្ដាប្រទេសអឺរ៉ុបផ្សេងទៀត អាចនឹងចូលរួមចំណែកនៅក្នុងគំនិតផ្ដួចផ្ដើម ផលិតយន្ដហោះចម្បាំងអឺរ៉ុបជំនាន់ថ្មីនេះ»។
គួរបញ្ជាក់ថា បើតាមសារព័ត៌មានអាល្លឺម៉ង់ Handlesblatt ដើម្បីផ្ដល់មូលនិធិអភិវឌ្ឍន៍យន្ដហោះចម្បាំងផលិតដោយ Airbus កងកម្លាំងទ័ពអាកាសអាល្លឺម៉ង់ Luftwaffe បានដាក់សំណើទៅកាន់មន្ទីរបញ្ចកោណ ឱ្យបញ្ជាក់ពីតម្លៃយន្ដហោះចម្បាំង F-35 ស្របពេលក្រសួងការពារជាតិអាល្លឺម៉ង់បានបង្ហាញពីបំណង ចង់វាយតម្លៃលើយន្ដហោះចម្បាំង នៅលើទីផ្សារឡើងវិញ ក្នុងនោះរួមមានទាំង F-35 ផងដែរ៕