(សេអ៊ូល)៖ សហរដ្ឋអាមេរិកនឹងប្រើប្រាស់ជម្រើសគ្រប់បែបយ៉ាង ដើម្បីជាការឆ្លើយតបចំពោះការធ្វើតេស្តគំរាមកំហែង នៃអាវុធមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ណាមួយនាពេលអនាគត។ នេះបើតាមសម្តីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។
ការបញ្ជាក់អះអាងបែបនេះរបស់ លោកស្រី Kitana Adams ត្រូវបានធ្វើឡើង បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានព្រមានកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា របបទីក្រុងព្យុងយ៉ាងមិនយូរទៀតឡើយ នឹងអាចធ្វើតេស្តបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោង ICBM ដែលមានសមត្ថភាព វាយប្រហារដល់ដែនដីរបស់សហរដ្ឋអាមេរិកបានហើយ។ ជាការឆ្លើយតប លោកស្រី Adams បានថ្លែងថា «ដូចដែលយើងធ្លាប់បាននិយាយកាលពីមុនមកអ៊ីចឹង រាល់ជម្រើសទាំងអស់ សម្រាប់ការឆ្លើយតបចំពោះសកម្មភាពបង្កហេតុនានា របស់ទីក្រុងព្យុងយ៉ាង ត្រូវតែស្ថិតក្នុងការគិតគូរពិចារណាដដែល»។
ម៉្យាងវិញទៀតអ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវឲ្យកូរ៉េខាងជើង បញ្ឈប់ការធ្វើសកម្មភាព ក៏ដូចជាការប្រើប្រាស់វោហាស័ព្ទបង្ករឿង និងអស្ថិរភាពតទៀតទៅ ហើយងាកទៅធ្វើការជ្រើសរើស ជម្រើសយុទ្ធសាស្រ្តដ៏ត្រឹមត្រូវនេះ ដើម្បីបំពេញកាតព្វកិច្ច និងការប្តេជ្ញារបស់អន្តរជាតិ ព្រមទាំងវិលត្រឡប់ទៅរកការចរចាគ្នាម៉ឺងម៉ាត់វិញ។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានអះអាងថា នៅក្នុងបទវិចារណកថាមួយនៃសារព័ត៌មានរដ្ឋ Rodong Sinmum របស់ខ្លួនថា ការធ្វើតេស្តអាវុធយុទ្ធជាបន្តបន្ទាប់គ្នានាពេលថ្មីៗនេះ បានជួយឲ្យរបបដឹកទីក្រុងព្យុងយ៉ាង ជិតឈានទៅដល់ការធ្វើតេស្តមីស៊ីលផ្លោង ICBM ហើយ។ ម៉្យាងវិញទៀត ថ្ងៃដែលកូរ៉េខាងជើង ធ្វើតេស្តអាវុធប្រភេទនេះដោយជោគជ័យ ពេលនោះហើយគឺជាការបរាជ័យនៃគោលនយោបាយឈ្លានពានរបស់សហរដ្ឋអាមេរិក ពីព្រោះថាទីក្រុងវ៉ាស៊ីនតោន មិនដែលហ៊ានធ្វើសង្រ្គាមជាមួយប្រទេសណាមួយ ដែលមានអាវុធនុយក្លេអ៊ែរ ឬ ICBM ក្នុងដៃនោះឡើយ៕