(ម៉ានីល)៖ ខណៈកំពុងតែប្រយុទ្ធគ្នាស៊ីសាច់ ជាមួយក្រុមឧទ្ទាមជាបណ្តាញ ISIS នៅទីក្រុង Marawi ភាគខាងត្បូងប្រទេសនោះ យោធាហ្វីលីពីនបានច្រានចោលការលើកឡើងរបស់ ក្រុមភេរវករដែលបានអះអាងថា ពួកគេកំពុងគ្រប់គ្រងទីក្រុងមួយនេះ ២ភាគ៣ទៅហើយ ប៉ុន្តែតាមពិតទៅយោធាបានអះអាងថា ពួកឧទ្ទាមទាំងនោះ អាចគ្រប់គ្រងបានតំបន់នានាត្រឹមតែ ២០ភាគរយប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ Channel News Asia ដកស្រង់ពីបណ្តាញ Reuters នាព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។
មេបញ្ជាការយោធាហ្វីលីពីនមួយរូប បានលើកឡើងថា «ពួកឧទ្ទាមបានគ្រប់គ្រងតែតំបន់ Marianaut, Lulut, Mapandi និង Bongolo របស់ទីក្រុង Marawi ប៉ុណ្ណោះ ដោយវាស្មើនឹង ២០ភាគរយនៃផ្ទៃទីក្រុងទាំងមូល។ ពេលនេះវត្តមានរបស់ពួកគេ កាន់តែថមថយទៅៗហើយ»។ ប៉ុន្តែបើយើងមើលឲ្យច្បាស់ពីការលើកឡើងនេះ វាពិតជាគួរឲ្យចាប់អារម្មណ៍ ព្រោះកាលពីថ្ងៃទី០៥ ខែមិថុនា អ្នកនាំពាក្យយោធាមួយរូប គឺលោក Restituto Padilla បានលើកឡើងថា ពួកឧទ្ទាមបានគ្រប់គ្រងតែ ១០ភាគរយប៉ុណ្ណោះនៃទីក្រុង Marawi ដែលហ្វីលីពីនបើកប្រតិបត្តិការវាយរំដោះ ចាប់តាំងពីថ្ងៃទី២៣ ខែឧសភាមកម្ល៉េះ។
យោងតាមព័ត៌មានចេញផ្សាយចុងក្រោយកាលពីចុងសប្តាហ៍មុននេះ ចំនួនយោធារុបជិត ៦០នាក់ហើយបានស្លាប់ និងជនស៊ីវិលជាង ២០នាក់ផងដែរបាត់បង់ជីវិត នៅក្នុងសង្គ្រាមកម្ទេចបណ្តាញក្រុមភេរវករ ISIS នៅក្នុងទីក្រុង Marawi។ ដោយឡែកសម្រាប់ព័ត៌មានពីពួកឧទ្ទាមវិញ គឺសមាជិកពួកគេជាង ១០០នាក់បានស្លាប់។
គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធ Maute ដែលជាសម្ព័ន្ធជាមួយក្រុម អាប៊ូសាយយ៉ាហ្វ នឹងទើបតែភ្ជាប់ទំនាក់ទំនងទៅរក ISIS កាលពីប៉ុន្មានសប្តាហ៍មុននេះ បានធ្វើការដណ្តើមកាន់កាប់ទីក្រុង Marawi ស្ថិតនៅលើកោះមីនដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីន ដែលជាហេតុបង្ខំឲ្យកងកម្លាំងរដ្ឋាភិបាល លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ចេញប្រតិបត្តិការក្តៅ និងប្តេជ្ញាបោសសម្អាតក្រុមនេះឲ្យអស់ តបតាមច្បាប់អាជ្ញាសឹកដែលបានដាក់ នៅទូទាំងខេត្តភាគខាងត្បូងនេះចំនួន ៦០ថ្ងៃ គិតចាប់តាំងពីខែចុងខែឧសភាមក៕