(ឡុងដ៍)៖ ក្រុមមន្ត្រីសន្តិសុខនៅក្នុងប្រទេសលីប៊ីបានអះអាងថា ការវាយប្រហារភេរវកម្មនៅក្នុងទីក្រុង Manchester កាលពីខែឧសភាកន្លងទៅ ដែលបានផ្ដាច់យកអាយុជីវិតមនុស្ស២២នាក់រួមទាំងកុមារដែរនោះ ត្រូវបានគេរៀបចំផែនការទុកជាមុន តាំងតែពីខែធ្នូ ឆ្នាំ២០១៦មកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ BBC ក្រុមមន្ត្រីលីប៊ីដដែលបានបញ្ជាក់ទៀតថា ភេរវករឈ្មោះ Salman Abedi បានស្ថិតនៅក្នុងទីក្រុងទ្រីប៉ូលីប្រទេសលីប៊ី ជាមួយនឹងគ្រួសារអស់រយៈពេលជាច្រើនខែ មុននឹងរូបគេត្រឡប់ទៅអង់គ្លេសវិញ ដើម្បីដឹកនាំសកម្មភាពវាយប្រហារភេរវកម្ម។ ជាងនេះទៅទៀត ចាប់ពីពេល Abedi មកដល់លីប៊ី រូបគេនិងបងប្រុសឈ្មោះ Hashem រួមទំាងឪពុកត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការឃ្លំាមើល ប៉ុន្តែយ៉ាងណាគេមិនទាន់ដឹងច្បាស់ថា ព័ត៌មាននេះត្រូវបានចែករំលែកជាមួយអាជ្ញាធរអង់គេ្លស ដែរឬយ៉ាងណានោះទេ ស្របពេលអ្វីដែលគេដឹងនៅពេលនេះ បើផ្អែកលើអាជ្ញាធរលីប៊ី Salman Abedi បានរៀបចំគំរោងវាយប្រហារភេរវកម្ម នៅក្នុងទីក្រុង Manchester តំាងតែពីខែធ្នូ ឆ្នាំ២០១៦ មកម្លេះ។
គួររំលឹកថា ភ្លាមៗក្រោយការវាយប្រហារភេរវកម្មនៅក្នុងទីក្រុង Manchester កាលពីថ្ងៃទី២២ ខែឧសភា ក្រុម ISIS បានចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះ ដោយអះអាងថា Salman Abedi គឺជាក្រុមអ្នកប្រយុទ្ធរបស់ខ្លួន រីឯអាជ្ញាធរអង់គ្លេសវិញក៏បានចាប់ខ្លួនជនសង្ស័យជាច្រើននាក់ផងដែរ៕