Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ «សម្រេចរក្សាទុកការសម្រេចចិត្ត រាំងខ្ទប់បទបញ្ជាលោក ដូណាល់ ត្រាំ» ជុំវិញការហាមប្រជាជន មកពីប្រទេសអ៊ីស្លាមចំនួន០៦ ជាន់ដីអាមេរិក!

13-06-2017 10:23

(វ៉ាស៊ីនតោន)៖ សាលាឧទ្ធរណ៍​ក្នុងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) នៃរដ្ឋកាលីហ្វរញ៉ា បានសម្រេចចិត្តរក្សាទុកជា​បានការដដែល លើការសម្រេចចិត្ត​របស់តុលាការសហព័ន្ធនៃរដ្ឋហាវ៉ៃ ដែលបានរាំងខ្ទប់​បទបញ្ជាប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ស្ដីពីការហាមឃាត់​ប្រជាជនមកពីបណ្ដា​ប្រទេស អ្នកកាន់សាសនាអ៊ីស្លាម​ភាគច្រើន​ចំនួន០៦ ចូលក្នុង​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ​សាលាឧទ្ធរណ៍ក្នុងទីក្រុង​សាន់ហ្រ្វាន់ស៊ីស្កូ បានគូសបញ្ជាក់​ទៀតថា «យើងបានទទួលស្គាល់​សាលក្រមនេះ បានរាំងខ្ទប់បទបញ្ជា​របស់ប្រធានាធិបតី ដែល ហាមឃាត់​​ប្រជាជនមកពី​បណ្ដាប្រទេសអ្នកកាន់​សាសនាអ៊ីស្លាមចំនួន ០៦ ចូលក្នុងសហរដ្ឋអាមេរិក​រយៈពេល៩០ថ្ងៃ... ហើយរឿង​ជនភៀសខ្លួននេះ ប្រធានាធិបតីមិនអាច​សម្រេចចិត្តតែម្នាក់​ឯងនោះទេ»

គួរបញ្ជាក់ថា ក្រោមហេតុផល​ទប់ស្កាត់មិនឱ្យភេរវករបរទេស​ចូលក្នុងសហរដ្ឋអាមេរិក លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចិត្ត​ចេញបទបញ្ជាហាមឃាត់ប្រជាជន មកពីបណ្ដាប្រទេសអ្នកកាន់​សាសនាអ៊ីស្លាមចំនួន ០៦ ដូចជា អ៊ីរ៉ង់ លីប៊ី ស៊ីរី សូម៉ាលី ស៊ូដង់ និងយ៉េមែន ចូលក្នុង​សហរដ្ឋអាមេរិក ប៉ុន្តែអ៊ីរ៉ាក់ត្រូវបាន​ដកចេញពីបញ្ជីខ្មៅនេះ ត្បិត​កងកម្លំាងអ៊ីរ៉ាក់ កំពុងចូលរួមជាមួយ​ទីក្រុងវ៉ាស៊ីនតោន ក្នុងសង្រ្គាមប្រយុទ្ធ​ប្រឆាំង​នឹងពួក ISIS៕