(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានចេញមុខថ្កោលទោសយ៉ាងខ្លាំង ចំពោះការបង្រ្កាបរបស់អាជ្ញាធររុស្ស៊ីទៅលើក្រុមបាតុករប្រឆាំងនឹងអំពើពុករលួយកាលពីថ្ងៃចន្ទ និងអំពាវនាវឱ្យទីក្រុងម៉ូស្គូ ដោះលែងអ្នតតវ៉ាដោយសន្តិវិធី ដែលត្រូវបានឃុំខ្លួននៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យសេតវិមាន លោក សន ស្ពៃសឺ (Sean Spicer) បានបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកថ្កោលទោសយ៉ាងពេញទំហឹង ចំពោះការ ឃុំខ្លួនក្រុមបាតុករតវ៉ាដោយសន្តិវិធីរាប់រយនាក់ នៅទូទាំងប្រទេសរុស្ស៊ី... ហើយការឃុំខ្លួនអ្នកតវ៉ាដោយសន្តិវិធី សកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានគឺជាការប្រឆាំងនឹងតម្លៃនៃលិទ្ធិប្រជាធិបតេយ្យ»។
គួរបញ្ជាក់ថា មុននឹងបាតុកម្មតវ៉ាផ្ទុះឡើងនៅក្នុងទីក្រុងម៉ូស្គូ អាជ្ញាធររុស្ស៊ីបានចាប់ខ្លួនមេដឹកបក្សប្រឆាំង លោក Alexei Navalny ជាលើកទី០២ រីឯតុលាការបានសម្រេចចិត្តផ្តន្ទាទោសរូបលោក ឱ្យជាប់ពន្ធនាគាររយៈពេល ៣០ថ្ងៃ ពីបទប្រមូលផ្ដុំបាតុកម្មតវ៉ាដោយខុសច្បាប់។ មួយវិញទៀតបើតាមអង្គការសង្គមស៊ីវិល មនុស្ស ៨២៥នាក់ ត្រូវបានឃាត់ និងឃុំខ្លួនបណ្ដោះអាសន្ន ខណៈខាងអាជ្ញាធរអះអាងថា មនុស្សតែ ៥០០នាក់ប៉ុណ្ណោះត្រូវបានចាប់ខ្លួន ហើយក្រុមបាតុករ ៥,០០០នាក់ បានចូលរួមនៅក្នុងបាតុកម្មតវ៉ាកាលពីថ្ងៃចន្ទ៕