(អ៊ីរ៉ង់)៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ បានឈ្នះកៅអី១រួចរាល់ហើយសម្រាប់វគ្គចែកពូលក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី ក្រោយបំបាក់គូប្រជែងអ៊ូសបេគីស្ថាន ២-០ យប់មិញនេះរកបាន ២០ពិន្ទុឈរនៅ កំពូលតារាងនៃពូល A វគ្គជម្រុះជុំទី៣ ប្រចាំទ្វីបអាស៊ី (AFC)។
កីឡាករនាំសំណាង Serdar Azmon រកបានគ្រាប់បំបែកពងមាន់នៅនាទីទី២៣ មុនពេលមិត្តរួមក្រុម Mehdi Taremi រកបានគ្រាប់ទី២ នៅនាទីទី៨៨ ចុងម៉ោងវគ្គទី២ ដែលជាការរកបានជ័យជំនះលើកទី២ បន្ទាប់ពីជើងទី១ ក៏ទទួលបានជ័យ ១-០ ផងដែរទៅលើអ៊ូសបេគីស្ថាន និងជាក្រុមតែ១គត់ប្រចាំទ្វីបអាស៊ីដែលបានឈ្នះកៅអីទៅ World Cup ឆ្នាំក្រោយនៅប្រទេសរុស្ស៊ីមុនគេផងដែរ។
គិតរហូតដល់ទល់នឹងពេលនេះ រកបាន២ក្រុមហើយមាន អ៊ីរ៉ង់ និងប្រេស៊ីល ដែលបានឆ្លងកាត់វគ្គជម្រុះ គ្រាដែលម្ចាស់ផ្ទះរុស្ស៊ី ឈរចាំមុន ក្នុងនាមជាម្ចាស់ផ្ទះ។
អ៊ីរ៉ង់ នៅសល់២ប្រកួតបង្រ្គប់កិច្ចក្នុងដៃដោយត្រូវជួបក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងជម្រើសជាតិស៊ីរី គ្រាដែលកូរ៉េខាងត្បូង និងអ៊ូសបេគីស្ថាន កំពុងប្រដេញគ្នាយ៉ាងប្រកិតដោយមាន១៣ពិន្ទុ និង១២ពិន្ទុរៀងគ្នានោះ៕