(ប៉ាណាម៉ា)៖ ប្រធានាធិបតីប៉ាណាម៉ា លោក Juan Carlos Varela បានប្រកាសជាផ្លូវការនៅដើមសប្តាហ៍នេះ អំពីការបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ជាមួយនឹងសាធារណៈរដ្ឋប្រជាមានិតចិន ដែលជារឿងមិនធ្លាប់កើតមាននោះឡើយក្នុងប្រវត្តិសាស្ត្រ រវាងមហាយក្សធំបំផុតនៅតំបន់អាស៊ី និងប្រទេសនៅតំបន់អាមេរិកកណ្តាលមួយនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។
ការប្រកាសភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនេះ គឺជាការបង្ហាញឲ្យឃើញផងដែរថា ចាប់ពីថ្ងៃនេះតទៅប្រទេសប៉ាណាម៉ា ដែលធ្លាប់តែធ្វើការទាក់ទងជិតស្និទ្ធជាមួយនឹងកោះតៃវ៉ាន់ នឹងលែងចាត់ទុកតៃវ៉ាន់ជាប្រទេសពេញសិទ្ធិមួយទៀតហើយ ដោយខ្លួនត្រូវងាកទៅគោរពតាមគោលនយោបាយចិនតែមួយ ហើយចាប់ពីពេលនេះទៅ តៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ នៅក្នុងនយោបាយការបរទេសរបស់ប្រទេសអាមេរិកកណ្តាលមួយនេះ ប៉ុន្តែវាមិនមែនមានន័យថា ភាគីទាំងពីរនឹងផ្តាច់ទំនាក់ទំនងនោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីប៉ាណាម៉ា លោក Juan បានថ្លែងជុំវិញកិច្ចបើកទំនាក់ទំនងការបរទេសជាផ្លូវការនៅថ្ងៃនេះថា «ប្រទេសចិនគឺជាអតិថិជន ដែលប្រើប្រាស់ព្រែកជីកប៉ាណាម៉ាធំបំផុតលំដាប់ទីពីរលើលោក ហើយក៏ធ្លាប់បានដើរតួយ៉ាងសំខាន់ សម្រាប់វិស័យធនាគារ និងទូរគមនាគមន៍ក្នុងប្រទេសប៉ាណាម៉ាផងដែរ។ ដោយឡែកកោះតៃវ៉ាន់ គឺជាមិត្តភក្តិដ៏អស្ចារ្យរបស់យើង ហើយយើងសង្ឃឹមថា កោះតៃវ៉ាន់នឹងធ្វើការឆ្លើយតប ប្រកបដោយលក្ខណៈផ្លែផ្កាជុំវិញរឿងនេះ»។
គួរបញ្ជាក់ថា ការប្រកាសទំនាក់ទំនងជាផ្លូវការរវាង ចិន-ប៉ាណាម៉ា នាពេលនេះ បានធ្វើឲ្យទំនាក់ទំនងកោះតៃវ៉ាន់ជាផ្លូវការជាមួយបណ្តាប្រទេសឯករាជ្យលើពិភពលោក ធ្លាក់មកនៅត្រឹម ២០ប្រទេស។ ជាចុងក្រោយប្រធានាធិបតីប៉ាណាម៉ាបានសម្លឹងមើលឃើញថា វាជាការបើកទំព័រសករាជថ្មីរបស់ប៉ាណាម៉ា នៅក្នុងការផ្សាភ្ជាប់ទំនាក់ទំនងជាមួយប្រទេសចិន និងជាទិសដៅដ៏ត្រឹមត្រូវ ដែលប្រទេសរបស់លោកចាប់យក៕