(ម៉ូស្គួ)៖ មេដឹកនាំគណបក្សប្រឆាំងរុស្ស៊ី លោក Alexei Navalny ជាថ្មីម្ដងទៀតត្រូវបានអាជ្ញាធររុស្ស៊ីផ្ដន្ទាទោស ឱ្យជាប់ឃុំក្នុងពន្ធនាគាររយៈពេល ៣០ថ្ងៃ ក្រោមបទចោទ ប្រកាន់ថា បានរំលោភលើច្បាប់ប្រមូលផ្ដុំ និងការជួបជុំដោយខុសច្បាប់ ប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ នេះគឺជាលើកទី០២ហើយ ដែលមេបក្សប្រឆាំងរូបនេះត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។
លោក Alexei Navalny ត្រូវបានគេចាប់ឃុំខ្លួននៅក្នុងផ្ទះរបស់លោក ក្នុងទីក្រុងម៉ូស្គូ កាលពីព្រឹកថ្ងៃចន្ទ មុននឹងមានបាតុកម្មតវ៉ាប្រឆាំងនឹងអំពើពុករលួយ នៅក្នុងប្រទេសរុស្ស៊ី ដោយមានការចូលរួមពីក្រុមបាតុកររាប់ពាន់នាក់។ ប៉ុន្តែទន្ទឹមគ្នានោះដែរ អាជ្ញាធររុស្ស៊ី បានសម្រេចចិត្តបំបែកក្រុមបាតុករទាំងនេះ ហើយបើតាមអង្គការសង្គមស៊ីវិល ដូចជា OVD-Info មនុស្ស ៨២៥នាក់ ត្រូវឃាត់ខ្លួន និងឃុំខ្លួនបណ្ដោះអាសន្ន ខណៈខាងអាជ្ញាធរមនុស្ស ៥០០នាក់ ត្រូវបានចាប់ខ្លួន។
គួរបញ្ជាក់ថា លោក Alexei Navalny គឺជាមនុស្សម្នាក់ដែលគេមើលឃើញថា អាចនឹងក្លាយជាគូប្រជែងដ៏សំខាន់ក្នុងការដណ្ដើមតំណែងជាប្រធានាធិបតីរុស្ស៊ី នៅឆ្នាំក្រោយនេះ។ មួយវិញទៀត បើតាមប៉ូលិស ក្រុមបាតុករ ៥,០០០នាក់ បានចូលរួមនៅក្នុងបាតុកម្មតវ៉ាកាលពីថ្ងៃចន្ទ៕