(វ៉ាស៊ីនតោន)៖ ពិធីករមួយរូបនៃកម្មវិធីរបស់ស្ថានីយទូរទស្សន៍ CNN ត្រូវបានថ្នាក់លើបញ្ឈប់ពីការងារហើយ បន្ទាប់ពីបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យជាខ្លាំង សំដៅទៅលើប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលជាមេដឹកកំពូលនៃប្រទេសមហាអំណាចពិភពលោកមួយទាំងមូល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។
តាមរយៈសារមួយបង្ហោះនៅលើបណ្តាញសង្គម Twitter ក្នុងន័យឆ្លើយតបទៅនឹង ការព្យាយាមរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីទាមទារឲ្យមានការអនុវត្តន៍បំរាមហាមឃាត់ការធ្វើដំណើរ ទៅលើប្រជាជនមកពីបណ្តាប្រទេសអ៊ីស្លាមធំៗ ជុំវិញពិភពលោកឡើងវិញនោះ លោក Reza Aslan ដែលជាពលរដ្ឋអាមេរិកមានដើមកំណើតអ៊ីរ៉ង់ និងជាពិធីករនៃកម្មវិធីសាសនារបស់ CNN បានសរសេរសំដៅទៅលើលោក ត្រាំ ថាជាមនុស្សកម្ទេចលាមក។
លោក Aslan បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា «មនុស្សកម្ទេចលាមកនេះ គឺមិនត្រឹមជាការអាម៉ាស់មួយសម្រាប់ពលរដ្ឋក៏ដូចជា សហរដ្ឋអាមេរិក និងជាស្នាមប្រលាក់ដែលជាប់ដិតដាមនៅលើ តំណែងប្រធានាធិបតីប៉ុណ្ណោះទេ តែថែមទាំងជាក្តីអាម៉ាស់ដ៏អាប់ឱនមួយសម្រាប់មនុស្សលោកយើងទាំងមូលទៀតផង»។ យ៉ាងណាមិញ ភ្លាមៗក្រោយមក លោក Reza Aslan ក៏បានលុបសារនោះចោលវិញ និងសូមអភ័យទោសចំពោះពាក្យសម្តី មិនសមរម្យទាំងប៉ុន្មានរបស់លោក ចំពោះលោក ត្រាំ ផងដែរ។
សូមជំរាបថា នៅមុនពេលផ្ញើសារផ្តល់ការគាំទ្រនិងចូលរួមរំលែកទុក្ខ ចំពោះករណីភេរវកម្មកាលពីថ្ងៃទី០៣ ខែមិថុនា នៅលើស្ពាន London Bridge និងផ្សារ Borough Market ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់នោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានឆ្លៀតឱកាសប្រើប្រាស់សោកនាដកម្មនេះ ដើម្បីលើកកម្ពស់គោលនយោបាយជនភៀសខ្លួនរបស់លោក៕