(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ យើងបានដកស្រង់ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗមួយចំនួន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះ មានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រឈមមុខនឹងការរីកចំរើនទៅមុខនៃកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានសម្រេចិត្តតែងតំាងកំពូល អ្នកយុទ្ធសាស្ត្រយោធាកូរ៉េខាងត្បូងម្នាក់ គឺលោក សុង យ៉ាងមូ (Song Young moo) រដ្ឋមន្ត្រីការពារជាតិថ្មីដើម្បីដឹកនាំ និងកែទម្រង់វិស័យយោធាកូរ៉េខាងត្បូង។ ក៏ប៉ុន្តែ ការតែងតាំងនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយក្រុមមន្ត្រីយោធាអាមេរិក រំពឹងថាទីក្រុងព្យុងយ៉ាង អាចនឹងបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ជាលើកដំបូង នៅក្នុងឆ្នាំ២០១៧នេះ៕
២៖ ហ្វីលីពីន នៅថ្ងៃចន្ទនេះបានប្រារព្ធខួបទី១១៩ឆ្នាំ នៃការទទួលបានឯករាជ្យពីប្រទេសអេស៉្បាញ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៨៩៨ ក្នុងទីក្រុងម៉ានីល ហើយដែលប្រារព្ធ ខួបនេះធ្វើឡើងនៅចំពេលយោធាហ្វីលីពីនកំពុងធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងនឹងបណ្តាញក្រុម ISIS នៅភាគខាងត្បូងប្រទេស។ បើតាមព័ត៌មានចុងក្រោយ យោធាសរុប៥៨នាក់ ហើយបានស្លាប់ និងជនស៊ីវិល២០នាក់បាត់បង់ជីវិត នៅក្នុងសង្គ្រាមកម្ទេចបណ្តាញក្រុមភេរវករ ISIS នៅក្នុងទីក្រុង Marawi៕
៣៖ អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានទាត់ចោលការចុះផ្សាយរបស់សារព័ត៌មានកាតា ដែលអះអាងថា ទីក្រុងរីយ៉ាដ បានហាមមិនឱ្យប្រជាជនកាតាចូលមកក្នុងវិហារអ៊ីស្លាម Grand Mosque ឬ Masjid al-Haram នៅក្នុងទីក្រុងមិចកា (Mecca) ដើម្បីបំពេញកាតព្វកិច្ចធ្វើធម្មយាត្រាប្រចាំឆ្នាំដ៏ធំរបស់អ្នកកាន់សាសនាអ៊ីស្លាម។ ជាមួយនោះដែរ ទីក្រុងរីយ៉ាត បានបញ្ជាក់ទៀតថា ខ្លួនបានទទួលអ្នកធ្វើធម្មយាត្រាមកពីប្រទេសកាតា១៦៣៣នាក់ ហើយដែលពួកគេទាំងនេះសុទ្ធតែបានធ្វើធម្មយាត្រា អ៊ុរ៉ស់ (Umrah) ឬធម្មយាត្រាត្រៀមមុនធម្មយាត្រាហាច់ ទៀតផង៕
៤៖ អង្គការ NASA គ្រោងនឹងកសាងស្ថានីយ៍អវកាសមួយទៀត នៅគន្លងគោចរជុំវិញឋានព្រះច័ន្ទ ដើម្បីធ្វើជាមន្ទីរពិសោធន៍វត្ថុអវកាស។ ស្ថានីយ៍អវកាសនេះទៀតសោតអាច នឹងប្រើប្រាស់ជាទីសំចតមួយសម្រាប់គំរូតាងក្រៅភព ដែលត្រូវនាំយកមកកាន់ផែនដី សម្រាប់ធ្វើការពិសោធន៍៕
៥៖ ព្រះគម្ពីបុរាណខ្មែរមានអាយុកាលជាង២០០ឆ្នាំ ត្រូវបានក្រុមអ្នកបកប្រែថៃ ប្រែសម្រួលទៅជាភាសាអ៊ីតាលីរួចរាល់ហើយ ដើម្បីទុកជាអំណោយសម្រាប់ថ្វាយសម្ដេចសង្ឃ កាតូលិក Pope Puis ទី១១ តាមការសន្យារបស់អតីតព្រះមហាក្សត្រថៃរាមាទី០៧ នៅអំឡុងពេលបំពេញព្រះរាជដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីតាលី កាលពីជាង ៣៨ឆ្នាំមុន។ គម្ពីបុរាណនេះ នៅត្រៀមតែដាក់តាំងបង្ហាញនៅឯសារមន្ទីរវ៉ាទីកង់តែប៉ុណ្ណោះ។
៦៖ បន្ទាប់ពីបានបញ្ជូនយន្តហោះដឹកម្ហូបអាហារចំនួន០៥គ្រឿង ទៅកាន់ប្រទេសកាតា នៅទីបំផុតអ៊ីរ៉ង់ សម្រេចិត្តបញ្ជូនកងនាវាចម្បាំងរបស់ខ្លួន ទៅកាន់ប្រទេសអូម៉ង់ ដែល ស្ថិតជាប់អារ៉ាបីសាអូឌីត, អេមីរ៉ាត់អារ៉ាប់រួម, និងយេម៉ែន ស្របពេលដែលភាពតានតឹងនៃវិបត្តិការទូតក្នុងពិភពអារ៉ាប់ នៅតែបន្តក្តៅគគុកដដែល៕