(តូក្យូ)៖ លោក គីម ជុងណាំ ដែលជាបងប្រុសម្តាយទីទៃរបស់ មេដឹកនាំកំពូលប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះ មានប្រាក់សុទ្ធចំនួន១២០,០០០ដុល្លារ នៅជាប់នឹងខ្លួនក្នុងថ្ងៃដែលរូបលោក ត្រូវបានគេលួចធ្វើឃាត ហើយលុយនោះត្រូវគេសង្ស័យថា ប្រហែលជាលោកទទួលបានពី បណ្តាញស៊ើបការណ៍សម្ងាត់របស់អាមេរិក។ នេះបើតាមចេញសេចក្តីរាយការណ៍របស់សារព័ត៌មានជប៉ុន ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។
កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ លោក គីម ជុងណាំ ស្របពេលកំពុងធ្វើដំណើរក្រោមឈ្មោះថា គីម ចុល ត្រូវបានគេលួចធ្វើឃាតនៅឯអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅមុនពេលដែលរូបលោក ត្រូវឡើងយន្តហោះ ដើម្បីធ្វើដំណើរចាកចេញទៅកាន់ទីក្រុងម៉ាកាវ ប្រទេសចិន ជាទីដែលលោករស់នៅដោយការនិរទេសខ្លួន ជាមួយក្រុមគ្រួសាររបស់លោក។
សារព័ត៌មានជប៉ុន Asahi Shimbun ដោយយោងតាមប្រភពដែលខ្លួនទទួលបានពីភ្នាក់ងារស៊ើបអង្កេតម៉ាឡេស៊ី បានធ្វើសេចក្តីរាយការណ៍ថា អំឡុងពេលស្នាក់នៅប្រទេសម៉ាឡេស៊ី លោក គីម បានជួបជាមួយជនជាតិអាមេរិកម្នាក់ ដែលអាជ្ញាធរម៉ាឡេស៊ីជឿជាក់ថា ពិតជាមានទំនាក់ទំនងជិតស្និទ្ធជាមួយទីភ្នាក់ស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក។ យោងតាមប្រភពព័ត៌មានដដែល ក្រុមភ្នាក់ងារស៊ើបអង្កេតម៉ាឡេស៊ីបានសង្ស័យថា ជាថ្នូរនឹងលុយ ដែលត្រូវបានគេឃើញនៅជាប់ខ្លួនលោក ក្នុងថ្ងៃកើតហេតុនោះ លោក គីម ប្រហែលជាបានផ្តល់ព័ត៌មានជាសម្ងាត់ទៅឲ្យបណ្តាញស៊ើបការណ៍របស់អាមេរិក។ សារព័ត៌មានដដែលបានបន្ថែមថា ការលួចទាក់ទងគ្នានេះ ទំនងជាបានបណ្តាលឲ្យទីក្រុងព្យុងយ៉ាងសម្រេចចិត្ត ធ្វើឃាតលោក គីម ជុងណាំ ដើម្បីបំបិទមាត់តែម្តង។
សូមជំរាបថា ស្ត្រីជនសង្ស័យចំនួនពីរនាក់ ម្នាក់ជាជនជាតិឥណ្ឌូណេស៊ី និងម្នាក់ទៀតជាជនជាតិវៀតណាម ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទប្រព្រឹត្តអំពើឃាតកម្មទៅលើលោក គីម ជុងណាំ ហើយកំពុងប្រឈមមុខនឹងទោសប្រហារជីវិត នៅក្នុងប្រទេសម៉ាឡេស៊ី ស្របពេលដែលអាជ្ញាធរម៉ាឡេស៊ី ត្រូវគេរាយការណ៍ថា បាននិងកំពុងបន្តស្វែងរកចាប់ខ្លួនជនសង្ស័យ ជាជនជាតិកូរ៉េខាងជើង ចំនួន០៧នាក់ផ្សេងទៀត៕