ប្រធានាធិបតីហ្វីលីពីន ឌូតឺតេ៖ «ខ្ញុំអត់បានទៅសុំឲ្យអាមេរិក មកជួយបញ្ចប់ជម្លោះប្រដាប់អាវុធជាមួយពួកឧទ្ទាម នៅភាគខាងត្បូងឡើយ»
12-06-2017 22:21
(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងនាពេលថ្មីៗនេះថា រូបលោកពុំបានព្យាយាមស្នើសុំជំនួយ ពីទីក្រុងវ៉ាស៊ីនតោន ក្នុងការវាយកម្ទេចពួកឧទ្ទាម នៅទីក្រុង Marawi ភាគខាងត្បូងប្រទេសនោះឡើយ ដែលការបញ្ជាក់នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានឲ្យដឹងថា ពួកគេបាននិងកំពុងផ្តល់ការជួយជ្រោមជ្រែងដល់កងទ័ពហ្វីលីពីន ជាការឆ្លើយតបទៅតាមសំណើពីរដ្ឋាភិបាលទីក្រុងម៉ានីល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។
លោកប្រធានាធិបតីហ្វីលីពីនបានធ្វើការលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីក្រុង Cagayan de Oro ដែលស្ថិតនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រពីទីក្រុង Marawi នៅពេលដែលត្រូវបានចោទសួរពាក់ព័ន្ធនឹងការផ្តល់ជំនួយគាំទ្រពីអាមេរិក ចំពោះការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធគាំទ្រ ISIS នៅក្រុងដែលនៅលើកោះ Mindanao នេះ។ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងដូច្នេះថា «ខ្ញុំមិនដែលបានស្នើឲ្យអាមេរិកជួយឡើយ ហើយខ្ញុំក៏មិនបានដឹងអំពីរឿងនេះដែរ រហូតទាល់តែពួកគេបានមកដល់ទៅហើយ»។
យ៉ាងណាមិញ គេពុំទាន់បានដឹងច្បាស់ថាតើ យោធាហ្វីលីពីនដែលមានទំនោរគាំទ្រអាមេរិក បានធ្វើការស្នើសុំជំនួយពីអាមេរិក ដោយរំលងការសម្រេចចិត្តក៏ដូចជាការដឹងលឺរបស់លោក ឌូតឺតេ ដែរឬយ៉ាងណានៅឡើយទេ ហើយលោក ឌូតឺតេ ផ្ទាល់ក៏មិនបាននិយាយថា កងទ័ពរបស់លោកបានហ៊ានអារកាត់សេចក្តីជំនួសរូបលោកនោះដែរ ក៏ប៉ុន្តែលោកបានគូសបញ្ជាក់ថា «ដោយសារធ្លាប់ទទួលបានការហ្វឹកហាត់ អស់ជាច្រើនឆ្នាំពីសហរដ្ឋអាមេរិក ទាហានរបស់យើងគឺមានទំនោរគាំទ្រអាមេរិក, រឿងនេះខ្ញុំពិតជាមិនអាចបដិសេធបាននោះទេ»។
ជាមួយគ្នានេះអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Ernesto Abella បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអាមេរិក មិនបានចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធគ្នានេះដោយផ្ទាល់ ដែលត្រូវបានច្បាប់នៃប្រទេសហ្វីលីពីនហាមឃាត់នោះឡើយ។ លោក Abella បាន បន្តថា «ការប្រយុទ្ធប្រឆាំងនឹងអំពីភេរវកម្ម ផ្ទុយទៅវិញ មិនត្រឹមជាក្តីបារម្ភសម្រាប់ប្រទេសហ្វីលីពីន ឬមួយក៏សហរដ្ឋអាមេរិកប៉ុណ្ណោះទេ តែថែមទាំងជាការព្រួយបារម្ភនៃបណ្តាប្រជាជាតិជាច្រើន ផ្សេងទៀតនៅជុំវិញពិភពលោក។ ដូច្នេះហើយហ្វីលីពីន ស្វាមគមន៍ជានិច្ចចំពោះជំនួយនិងការគាំទ្រនានា ពីបណ្តាប្រទេសដទៃ ប្រសិនបើពួកគេផ្តល់ឲ្យ»។
គួរបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍ របស់ស្ថានទូតអាមេរិកប្រចាំរដ្ឋធានីម៉ានីល កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ កងកម្លាំងប្រតិបត្តិការពិសេសសហរដ្ឋអាមេរិក បាននិងកំពុងជួយដល់កងទ័ពហ្វីលីពីន ក្នុងការបញ្ចប់ជម្លោះប្រដាប់អាវុធ នៅទីក្រុង Marawi ហើយយោធាហ្វីលីពីនបានបញ្ជាក់ថា កងទ័ពអាមេរិក បាននិងកំពុងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសតែប៉ុណ្ណោះ មិនបានចូលរួមប្រយុទ្ធផ្ទាល់នោះទេ។
សូមជំរាបផងដែរថា កិច្ចសហប្រតិបត្តិការយោធារវាងសម្ព័ន្ធមិត្តដ៏យូរអង្វែងទាំងពីរ នៅក្នុងសមរភូមិនេះ គឺជាស្ថានការណ៍វិវឌ្ឍន៍គួរឲ្យកត់សម្គាល់មួយ ដោយសារតែលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលបានឡើងកាន់អំណាចកាលពីមួយឆ្នាំមុន បានប្រកាន់ជំហរមិនរាក់ទាក់ នោះឡើយចំពោះទីក្រុងវ៉ាស៊ីនតោន ហើយបានប្តេជ្ញាថានឹងធ្វើឲ្យយ៉ាងណា លុបបំបាត់ទាំងស្រុងនូវវត្តមាននៃយោធាអាមេរិក ចេញពីប្រទេសរបស់លោក៕