(មីយ៉ាន់ម៉ា)៖ គិតមកទល់យប់ថ្ងៃចន្ទនេះសាកសពជនរងគ្រោះ នៅក្នុងករណីធ្លាក់យន្តហោះយោធាមួយគ្រឿង របស់ប្រទេសមីយ៉ាន់ម៉ាមានផ្ទុកមនុស្សចំនួន ១២២នាក់ នៅសមុទ្រ Andaman ភាគខាងត្បូង ដែលត្រូវបានរកឃើញសរុប បានកើនដល់ចំនួន៨៣នាក់ហើយ ស្របពេលដែលប្រតិបត្តិការជួយសង្រ្គោះ និងរុករកបានឈានចូលដល់ថ្ងៃទី០៦ ហើយមនុស្ស៣៩ទៀតនៅតែបន្តបាត់ខ្លួនដដែល។ នេះបើតាមការឲ្យដឹងពីយោធាមីយ៉ាន់ម៉ា ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។
ពិធីបូជាសពជាបន្តបន្ទាប់ក៏ត្រូវបានរៀបចំឡើងផងដែរ នៅក្នុងទីក្រុង Dawei ដែលស្ថិតនៅចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ពីទីតាំងដែលយន្តហោះធុន Y-8-200F បានធ្លាក់ សម្រាប់ជនរងគ្រោះមួយចំនួន ដែលត្រូវបានកំណត់អត្តសញ្ញាណរួចរាល់ បន្ទាប់ពីនាវាកងទ័ពជើងទឹក រួមទាំងទូកនេសាទមីយ៉ាន់ម៉ា បានរកឃើញនិងស្រង់ចេញពីក្នុងសមុទ្រ Andaman។
ស្របពេលជាមួយគ្នា ប្រតិបត្ការតិរុករកជនរងគ្រោះក៏ដូចជាយន្តហោះ ដែលពុំទាន់ត្រូវបានរកឃើញនោះ នៅតែកំពុងបន្តប្រព្រឹត្តទៅយ៉ាងសកម្មដដែល តាមនាវាក៏ដូចជាទូកនេសាទរួមនិងផ្លូវអាកាស ទោះបីជាអាកាសធាតុមានភាពលំបាកខ្លាំងយ៉ាងណាក្តី។ ដោយឡែក បើតាមសារព័ត៌មាន Gobal New Light of Myanmar រដ្ឋាភិបាលមីយ៉ាន់ម៉ា បានបដិសេធចំពោះ ការផ្តល់ជំនួយក្នុងប្រតិបត្តិការស្វែងរកនេះ ពីសំណាក់បណ្តាប្រទេសមួយចំនួន រួមទាំងចិនផងដែរ។
គួរបញ្ជាក់ថា យន្តហោះធុន Y-8-200F របស់កងទ័ពជើងអាកាសមីយ៉ាន់ម៉ា បានដឹកអ្នកដំណើរ១០៨នាក់ និងសហសេវិក១៤នាក់ ព្រមទាំងមានផ្ទុកទំនិញផ្សេងៗទម្ងន់ ២,៤តោនផងដែរ ហើយក្នុងចំណោមអ្នកដំណើរទាំងនោះមានកុមារ ១៥នាក់, មនុស្សពេញវ័យជាជនស៊ីវិលចំនួន ៥៨នាក់, កងទ័ព ៣៥នាក់ ដែល០៦នាក់ជាមន្ត្រីយោធាជាន់ខ្ពស់ និង ២៩នាក់ជាមន្ត្រីយោធាធម្មតា នៅពេលដែលវាបានដាច់ការទាក់ទងក្នុងអំឡុងពេលហោះចេញពីទីក្រុង Myeik ដើម្បីឆ្ពោះទៅកាន់ទីក្រុង Yangon កាលពីរសៀលថ្ងៃពុធសប្តាហ៍មុន នៅលើផ្ទៃសមុទ្រ Andaman។ រីឯមូលហេតុ ដែលបានបង្កឲ្យកើតមានសោកនាដកម្មធ្លាក់យន្តហោះដ៏អាក្រក់នេះ ក៏ពុំត្រូវបានបកស្រាយ ឬដឹងច្បាស់នោះដែរ៕