(អ៊ីស្តង់ប៊ុល)៖ ទីភ្នាក់ងាររដ្ឋាភិបាលមួយរបស់តួកគីបានឲ្យដឹងថា គ្រោះរញ្ជួយផែនដីមួយជាមួយកម្រិត៦.២រ៉ិចទ័រ បានវាយប្រហារចំភាគខាងលិចនៃផ្ទៃប្រទេស ហើយកោះ Lesbos នៃប្រទេសក្រិចក៏បានទទួលរងឥទ្ធិពលផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នៅមុននេះបន្តិចនាយប់ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមការឲ្យដឹងពី ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងសង្រ្គោះបន្ទាន់នៃប្រទេសតួកគី គ្រោះរញ្ជួយដីខាងលើ បានកើតឡើងនៅក្រោមផ្ទៃសមុទ្រ Aegean ជាមួយជម្រៅប្រមាណ០៧គីឡូម៉ែត្រ នាវេលាម៉ោង៣៖២៨នាទីរសៀលថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់កើតហេតុ) ហើយកម្លាំងរំញ័ររបស់វា បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទីក្រុងអ៊ីស្តង់ប៊ុល ដែលពោរពេញដោយប្រជាជនតួកគីរស់នៅ រួមជាមួយនិងខេត្ត Izmir ថែមទៀតផង។ ម៉្យាងវិញទៀតក៏មានសេចក្តីរាយការណ៍ព័ត៌មានផងដែរថា មនុស្សម្នាជាច្រើនទាំងនៅតំបន់ភាគខាងលិចតួកគី ក៏ដូចជាកោះ Lesbos របស់ក្រិច បាននាំគ្នារត់ចាកចេញពីអគារនានា ទៅកាន់ដងផ្លូវ។
គួរបញ្ជាក់ថា យ៉ាងណាមិញ ពុំទាន់មានសេចក្តីរាយការណ៍ណាមួយពាក់ព័ន្ធនឹងទំហំខូចខាត ឬមនុស្សរងគ្រោះនៅក្នុង ករណីរញ្ជួយផែនដីនេះ នៅឡើយទេ ស្របពេលដែលគ្រោះធម្មជាតិប្រភេទនេះ តែងតែបានកើតឡើងជាញឹកញាប់នៅក្នុងប្រទេសអឺរ៉ុបទាំងពីរនេះ៕