(ប៉េកាំង)៖ អ្នកទេសចរណ៍ចិន និងបរទេសកាន់តែច្រើនឡើងក្នុងមួយឆ្នាំៗ បានធ្វើដំណើរទៅកម្សាន្ត នៅឯរមណីយដ្ឋានមួយកន្លែង ដែលគេដាក់ឈ្មោះឱ្យថា ទីក្រុងខ្មោច (ghost city) ស្ថិតនៅក្នុងតំបន់ស្វយ័ត Xinjiang។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។
ដោយសារតែទីក្រុងខ្មោចស្ថិតនៅលើទីវាលដ៏ធំល្វឹងល្វើយមួយ មានសណ្ឋានដី និងខ្យល់បក់ខុសពីធម្មតា វាបានទាក់ទាញភ្ញៀវទេសចរ ឲ្យចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេងកាន់តែច្រើនឡើងមកទស្សនានៅតំបន់នេះ។ ទីក្រុងខ្មោចស្ថិតនៅក្នុងតំបន់ Wuerhe មានចំងាយប្រមាណជា ១០០គីឡូម៉ែត្រ ពីទីក្រុង Karamay នៃតំបន់ស្វយ័ត Xinjiang របស់ ជនជាតិដើមភាគតិច Uygur ព្រមទាំងមានផ្ទៃ ១០០,០០០គីឡូម៉ែត្រក្រឡា ឬ១០ហិចតា។
គួរបញ្ជាក់ថា កាលពីមុនទីក្រុងខ្មោចនេះ មិនមានផ្លូវតភ្ជាប់ទៅពិភពខាងក្រៅនោះឡើយ ហើយក៏គ្មានមនុស្សរស់នៅតាមតំបន់បរិវេណជុំវិញដែរ។ ជាងនេះទៅទៀតនៅពេលមានខ្យល់បកខ្លាំង ឬព្យុះដីខ្សាច់ម្ដងៗ វាធ្វើឱ្យតំបន់នេះងងឹតសូន្យឈឹង។ ចំណែកឯនៅពេលយប់វិញគេអាចនឹងលឺសំឡេងឆ្កែព្រៃលូ ដែលអាចធ្វើឱ្យអ្នកទេសចរណ៍ខ្លះព្រឺឆ្អឹងខ្នង ប្រៀបដូចជាដឹងថា នឹងមានខ្មោចលងដូច្នោះឯង៕