(ដូហា)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុកាតា លោក Ali Shareef Al Emadi បាននិយាយថា កាតាកំពុងត្រៀមខ្លួនការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន និងគ្មានហេតុផលអ្វីត្រូវព្រួយ បារម្ភ ចំពោះការដាក់ទណ្ឌកម្មពីបណ្ដារដ្ឋក្នុងតំបន់ ដែលបានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូត ជាមួយនឹងទីក្រុងដូហានោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។
«យើងដឹងថា យើងអាចនឹងជួបប្រឈមមុខនឹងបញ្ហាមួយចំនួន ក៏ប៉ុន្តែយើងមានទ្រព្យគ្រប់គ្រាន់ និងសន្តិសុខដែលយើងត្រូវការ។ ទ្រពសម្បត្តិនៅឯបរទេសរបស់យើង និង ការវិនិយោគបរទេសនៅក្នុងប្រទេសរបស់យើង គឺមានច្រើនជាង ២៥០ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឬ GDP របស់យើង... ហើយយើងដឹងថា យើងអាចការពារអត្រាប្ដូប្រាក់, យើងអាចការពារសេដ្ឋកិច្ច ប៉ុន្តែខ្ញុំមិនគិតឡើយថា យើងត្រូវព្រួយបារម្ភពីសេដ្ឋកិច្ចនៅក្នុងតំបន់»។ នេះគឺជាការគូសបញ្ជាក់របស់ លោក Ali Shareef Al Emadi នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍អាមេរិក CNBC។
គួរបញ្ជាក់ថា បើតាមលោក Ali Shareef Al Emadi ទីផ្សារជាច្រើននៅក្នុងប្រទេសបានរងផលប៉ះពាល់ ដោយសារទណ្ឌកម្មពីសំណាក់ប្រទេសនៅក្នុងតំបន់ ជាពិសេសគឺ អារ៉ាប៊ីសាអូឌីត តែមកទល់ពេលនេះស្ថានភាពកំពុងត្រឡប់ទៅរកភាពប្រក្រតីវិញហើយ និងកំពុងបើទ្វារចំហក្នុងការធ្វើពាណិជ្ជកម្ម៕