(ម៉ានីល)៖ ទីបំផុតប្រទេសហ្វីលីពីន បានប្រារព្ធខួបទី១១៩ឆ្នាំ នៃការទទួលបានឯករាជ្យពីប្រទេសអេស៉្បាញ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៨៩៨ ក្នុងទីក្រុងម៉ានីល ខណៈដែលសង្គ្រាមប្រយុទ្ធប្រឆាំងនឹងបណ្តាញក្រុម ISIS នៅភាគខាងត្បូងប្រទេស នៅមិនទាន់ទទួលបានជោគជ័យ តាមការប្តេជ្ញារបស់ លោក រ៉ូឌ្រីហ្គោក ឌូតឺតេ តាំងពីដើមរៀងមកថា នឹងបញ្ចប់ឲ្យបានមុនថ្ងៃបុណ្យឯករាជ្យជាតិនោះឡើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមព័ត៌មានចេញផ្សាយចុងក្រោយកាលពីចុងសប្តាហ៍មុននេះ ចំនួនយោធារុប៥៨នាក់ហើយបានស្លាប់ និងជនស៊ីវិល ២០នាក់ផងដែរបាត់បង់ជីវិត នៅក្នុងសង្គ្រាមកម្ទេចបណ្តាញក្រុមភេរវករ ISIS នៅក្នុងទីក្រុង Marawi។ ដោយឡែកសម្រាប់ព័ត៌មានពីពួកឧទ្ទាមវិញ គឺសមាជិកពួកគេជាង ១០០នាក់បានស្លាប់។
គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធ Maute ដែលជាសម្ព័ន្ធជាមួយក្រុម អាប៊ូសាយយ៉ាហ្វ នឹងទើបតែភ្ជាប់ទំនាក់ទំនងទៅរក ISIS កាលពីប៉ុន្មានសប្តាហ៍មុននេះ បានធ្វើការដណ្តើមកាន់កាប់ទីក្រុង Marawi ស្ថិតនៅលើកោះមីនដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីន ដែលជាហេតុបង្ខំឲ្យកងកម្លាំងរដ្ឋាភិបាល លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ចេញប្រតិបត្តិការក្តៅ និងប្តេជ្ញាបោសសម្អាតក្រុមនេះឲ្យអស់ តបតាមច្បាប់អាជ្ញាសឹកដែលបានដាក់ នៅទូទាំងខេត្តភាគខាងត្បូងនេះចំនួន ៦០ថ្ងៃ គិតចាប់តាំងពីខែចុងខែឧសភាមក៕