(ម៉ូស្គូ)៖ រដ្ឋាភិបាលទីក្រុងម៉ូស្គូសង្ឃឹមថា បញ្ហាជម្លោះការទូតរវាងប្រទេសកាតា និងបណ្តាប្រទេសអារ៉ាប់ក្បែរខាងមួយចំនួន នឹងអាចដោះស្រាយបានតាមផ្នែកនយោបាយនាពេលឆាប់ៗខាងមុខ ដោយសារតែស្ថានការណ៍នៅក្នុងតំបន់ មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ទីផ្សារប្រេងពិភពលោក។ នេះបើតាមសម្តីរដ្ឋមន្រ្តីថាមពលនៃប្រទេសរុស្ស៊ី ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។
រដ្ឋមន្រ្តីក្រសួងថាមពលរុស្ស៊ីលោក Alexander Novak បានថ្លែងនាពេលថ្មីៗនេះថា «ពួកយើងជឿជាក់ថា បញ្ហាជម្លោះនេះគួរតែត្រូវដោះស្រាយតាមផ្នែកនយោបាយ ហើយយើងសង្ឃឹមថា វិវាទនៅក្នុងតំបន់មជ្ឈិមបូព៌ានេះនាពេលឆាប់ៗនឹងត្រូវដោះស្រាយរួចពីព្រោះថា វាជាធានារក្សាអនាគតនៃទីផ្សារប្រេងនៅលើពិភពលោក និងដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ជុំវិញឈូងសមុទ្រពែក ដែលវាទាមទារឲ្យមានស្ថិរភាព និងប្រក្រតីភាពនៃស្ថានការណ៍នៅក្នុងតំបន់»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍មុន រាជាណាចក្រអារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន អេហ្ស៊ីប រួមនិងបណ្តាប្រទេសមួយចំនួនទៀត បានផ្តាច់ទំនាក់ទំនងជាមួយកាតា ក្រោមការចោទប្រកាន់ថា ទីក្រុងដូហាលួចគាំទ្រក្រុមភេរវករ។ បន្ថែមពីនេះកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergey Lavrov បានលើកឡើងថា ទីក្រុងម៉ូស្គូគាំទ្រចំពោះការជជែកសន្ទនាគ្នាដោយផ្ទាល់ រវាងភាគីទាំងសងខាង ដោយថាវាជាមធ្យោបាយល្អបំផុត ដើម្បីដោះស្រាយវិវាទនេះ ក៏ប៉ុន្តែលោក៏បានសង្កត់ធ្ងន់ដែរថា ទីក្រុងម៉ូស្គូនឹងមិនលូកដៃចូលកិច្ចការផ្ទៃក្នុង ប្រទេសដទៃនោះឡើយ៕