(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានអះអាងថា សហរដ្ឋអាមេរិកនឹងបានឃើញទីក្រុងព្យុងយ៉ាង បាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM នៅក្នុងពេលឆាប់ៗនេះ ហើយភាពជោគជ័យនៃការធ្វើតេស្ដមីស៊ីលនេះហើយ គឺជាថ្ងៃបរាជ័យនៃការប្រកាន់គោលនយោបាយ របស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។
នៅក្នុងបទវិចារណកថារបស់ខ្លួន ចេញផ្សាយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន កាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun បានលើកឡើងយ៉ាងដូច្នេះថា «ការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់នាពេលថ្មីៗនេះបង្ហាញយ៉ាងច្បាស់ថា យើងកាន់តែខិតជិតដល់ការបាញ់មីស៊ីលផ្លោងឆ្លងទ្វីប ICBM ... ហើយជោគជ័យនៃការធ្វើតេស្ដនេះទៀតសោត គឺមានន័យថា យើងបានបញ្ចប់កិច្ចការមួយដ៏អស្ចារ្យជាប្រវត្តិសាស្ត្រ និងជាថ្ងៃបរាជ័យរបស់សហរដ្ឋអាមេរិក ក្នុងការប្រកាន់នយោបាយប្រឆាំងនឹងយើង»។
គួររំលឹកថា កាលពីថ្ងៃទី០១ ខែមករាកន្លងទៅ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យយោធារបស់ខ្លួន ឱ្យបង្កើនការធ្វើតេស្ដបាញ់សាកល្បងក៏ដូចជាអភិវឌ្ឍន៍មីស៊ីល និងអាវុធនុយក្លេអ៊ែរ ទុកត្រៀមការពារប្រទេសពីការឈ្លានពាន របស់សហរដ្ឋអាមេរិក។ ជាក់ស្ដែងចាប់តាំងពីមានការអំពាវនាវនេះ យោធាកូរ៉េខាងជើងបានធ្វើតេស្ដបាញ់មីស៊ីល រហូតដល់ទៅជិត១០ដង គិតចាប់ខែឧសភាមក ខណៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ក៏បានចេញមុខថ្កោលទោសជិត ១០ដង ចំពោះទង្វើរំលោភលើដំណោះស្រាយ UN ផងដែរ និងសម្រេចដាក់ទណ្ឌកម្មបន្ថែមរួចហើយដែរ។
យ៉ាងណាក៏ដោយ ផ្អែកលើភាពរីកចំរើនទៅមុខនៃកម្មវិធីមីស៊ីលកូរ៉េខាងជើង ក្រុមអ្នកជំនាញរំពឹងថា ទីក្រុងព្យុងយ៉ាងអាចនឹងផលិតបាន មីស៊ីលផ្លោងឆ្លងទ្វីប ICBM បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ អាចបាញ់ដល់សហរដ្ឋអាមេរិក យ៉ាងយូរនៅឆ្នាំ២០២០៕