(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ង់​បានបញ្ជូនកងនាវាចម្បាំងរបស់ខ្លួន ទៅកាន់ប្រទេសអូម៉ាន់ ដែលស្ថិតជាប់​អារ៉ាបីសាអូឌីត, អេ​មី​រ៉ាត់​​អារ៉ាប់​រួម, និង​យេម៉ែន ស្របពេលដែល​ភាពតានតឹងនៃវិបត្តិការទូត​ក្នុងពិភពអារ៉ាប់ នៅតែបន្តក្តៅ​គគុកដដែល។ នេះបើតាមការ​ចេញផ្សាយដោយ​ សារ​ព័ត៌​មាន​រុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។

នាវាចម្បាំងអ៊ីរ៉ង់​ចំនួនពីរគ្រឿងគឺ Alborz និង Bushehr បានធ្វើដំណើរឆ្ពោះ​ទៅកាន់ប្រទេសអូម៉ង់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ហើយនឹងបន្ត​ដំណើរបំពេញ​​បេសកកម្មរបស់ខ្លួន ទៅកាន់ដែនទឹកអន្តរជាតិ នៅភាគ​ខាងជើងមហាសមុទ្រឥណ្ឌា និងឈូងសមុទ្រ Aden ថែមទៀត។

គួរបញ្ជាក់ថា ការចល័តនាវាចម្បាំងទាំងពីរគ្រឿងនេះត្រូវបានធ្វើឡើង នៅចំពោះមុខវិបត្តិ​ក្នុងពិភពអារ៉ាប់ បន្ទាប់ពីអារ៉ាប៊ីសាអូឌីត អេមេរ៉ាត់​អា​រ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បានកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសកាតា ក្រោមហេតុផលចោទប្រកាន់ថា រដ្ឋនេះបានគាំទ្រអំពើភេរវកម្ម និងមានភាពជិតស្និទ្ធនឹងអ៊ីរ៉ង់ ដែលបណ្តារដ្ឋ​អារ៉ាប់ដែលជាសម្ព័ន្ធមិត្តអាមេរិកទាំងអស់ ចាត់ទុកទីក្រុងតេហេរ៉ង់ជាសត្រូវ៕