(រីយ៉ាត)៖ អាជ្ញាធរ​អារ៉ាប៊ីសាអូឌីត បានទាត់ចោលពាក្យ​ចចាមអារាម​ដែលអះអាងថា ទីក្រុងរីយ៉ាដបានហាមមិនឱ្យ​ប្រជាជនកាតា ចូលមកក្នុងវិហារ​អ៊ីស្លាម Grand Mosque ឬ Masjid al-Haram នៅក្នុង​ទីក្រុងមិចកា (Mecca) ដើម្បីបំពេញ​កាតព្វកិច្ចធ្វើធម្មយាត្រា​ប្រចាំឆ្នាំដ៏ធំ​របស់អ្នកកាន់ សាសនាអ៊ីស្លាម ។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Al Arabiya នៅរសៀលថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។

កាលពីថ្ងៃអាទិត្យ​សារព័ត៌មាន Al Sharq មានមូលដ្ឋាន​នៅក្នុងទីក្រុងដូហា បានចុះផ្សាយថា គណៈកម្មាការជាតិ​សិទ្ធិមនុស្សកាតា (NHRC) បានទទួល​ពាក្យបណ្ដឹងពីប្រជា ជន​កាតា​មួយចំនួនថា ពួកគេត្រូវបាន​ហាមឃាត់​ក្នុងការធ្វើធម្មយាត្រា​ប្រចាំឆ្នាំ ហាច់ (Haj) ឬក៏ហាជី​នៅឯ Masjid al-Haram ក្នុងទីក្រុង​មិចកា ប្រទេស​អារ៉ាប៊ីសាអូឌីត។ ចំណែកឯ​ប្រធាន NHRC លោក Ali bin Smaikh al-Marri បានថ្កោល​ទោស និងហៅការហាមឃាត់នេះ​ថា ជាការំលោភ​យ៉ាងធ្ងន់ធ្ងរលើសិទ្ធិអនុវត្តន៍​ការគោរពប្រតិបត្តិសាសនា​ និងជំនឿដែលការពារ​ដោយអនុសញ្ញា​ស្ដីពីសិទ្ធិមនុស្ស។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរអារ៉ាប៊ីសាអូឌីត​បានទាត់ចោលការអះអាងនេះ ដោយបញ្ជាក់ទៀតថា គិតចាប់តាំងពីថ្ងៃអាទិត្យសប្ដាហ៍មុនមក ទីក្រុងរីយ៉ាត បានទទួលអ្នកធ្វើធម្មយាត្រាមកពីប្រទេសកាតា ១៦៣៣នាក់ ហើយដែលពួកគេទាំងនេះសុទ្ធតែ បានធ្វើធម្មយាត្រា អ៊ុរ៉ស់ (Umrah) (ឬធម្មយាត្រាត្រៀម​មុន​ធម្មយាត្រាហាច់)។ ជាងនេះទៅទៀត បើតាមសារព័ត៌មាន Al Arabiya កាលពីថ្ងៃសុក្រ អារ៉ាប៊ីសាអូឌីត ក៏បាន អនុញាតឱ្យប្រជាជនកាតា ២០៦នាក់ ​ឆ្លងព្រំដែន Salwa​ ដើម្បីធ្វើធម្មយាត្រាអ៊ុរ៉ស់ នៅក្នុងទីក្រុងមិចកា​ផងដែរ។  

គួរបញ្ជាក់ថា ខណៈជម្លោះការ​ទូតជាមួយកាតា មិនទាន់ធូរស្រាល​នៅឡើយ អេមីរ៉ាតអារ៉ាប់រួម បានប្រកាសដាក់ទោស​ទណ្ឌលើប្រជាជនរបស់ខ្លួន​ ដែលហ៊ានបង្ហោះសារ​គាំទ្រ​កាតា នៅលើបណ្ដាញ​ទំនាក់ទំនងសង្គម ហើយជនល្មើស​អាចនឹងត្រូវប្រឈមមុ​ខជាប់ពន្ធនាគាររហូត​ដល់ទៅ ១៥ឆ្នាំ ព្រមទាំងពិន័យ​ជាប្រាក់ ១៣៦,០០០ដុល្លារ​ ខណៈអាជ្ញាធរបារ៉ែន ក៏បានចេញការ​អនុវត្តដូចគ្នានេះដែរ ដោយដាក់ទោស​ជនល្មើស ឱ្យជាប់ពន្ធនាគារយ៉ាងតិច ០៥ឆ្នាំ៕