(អាមេរិក)៖ ស្ថានីយ៍អវកាសដែលអង្គការ NASA គ្រោងនឹងសាងសង់ឡើង នៅក្នុងគន្លងគោចរនៃឋានព្រះច័ន្ទនោះ អាចនឹងប្រើប្រាស់ជាទីសំចតមួយសម្រាប់គំរូតាងក្រៅភព ដែលត្រូវនាំយកមកកាន់ផែនដី ដើម្បីធ្វើការពិសោធន៍។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។
មន្រ្តីអង្គការ NASA លោក Robert Lightfood បានឲ្យដឹងថា ស្ថានីយ៍ដែល NASA មានគោលដៅឲ្យធ្វើប្រតិបត្តិការបាន នៅក្នុងអំឡុងឆ្នាំ២០២០ ឬយូរជាងនេះនោះ នឹងផ្តល់ឱកាសឲ្យមានការបំពេញបេសកម្មនៅទីអវកាសជាច្រើន រវាងភពផែនដី និងឋានព្រះច័ន្ទ ហើយវានឹងអាចបម្រើជាកាំជណ្តើរមួយ សម្រាប់ឆ្ពោះទៅកាន់ភពអង្គារ (Mars)។ ក៏ប៉ុន្តែស្ថានីយ៍នេះ ក៏ប្រហែលជាអាចជួយសម្រួល ដល់ការនាំយកធូលីដី និងថ្មដែលប្រមូលបាននៅលើភពអង្គារ ក៏ដូចជាវត្ថុអវកាសដទៃៗទៀត ចុះមកកាន់ភពរបស់យើងបានផងដែរ។
យានរុករក 2020 Mars Rover របស់អង្គការ NASA ដែលនឹងត្រូវបាញ់បង្ហោះនៅក្នុងឆ្នាំ២០២០នោះ នឹងធ្វើការប្រមូល យកគំរូផ្សេងៗពីភពក្រហមនេះ ដើម្បីត្រៀមបញ្ចូនមកកាន់ផែនដីនាពេលអនាគត ហើយវាក៏នឹងតាមស្វែងរុករកសញ្ញានៃជីវិត នៅលើភពអង្គារ រួមទាំងសាកល្បងឧបករណ៍ ដែលអាចផលិតអុកស៊ីសែនចេញពីបរិយាកាស ដែលពោរពេញទៅដោយឧស្ម័នកាបូនឌីអុកស៊ីតនៅទីនោះ ក៏ដូចជាបំពេញកាតព្វកិច្ចជាច្រើនផ្សេងទៀត។
គួរបញ្ជាក់ថា ស្ថានីយ៍សម្រាប់ធ្វើជាច្រកផ្លូវឆ្លងកាត់ខាងលើនេះ នឹងមានទំហំតូចជាងឆ្ងាយបើធៀបទៅនឹង ស្ថានីយ៍អវកាសអន្តរជាតិ ISS ដែលមានតម្លៃដល់ទៅ ១០០ពាន់លានដុល្លារ ហើយវាក៏មិនតម្រូវឲ្យមានក្រុមអវកាសយានិក ធ្វើប្រតិបត្តិការ និងស្នាក់នៅទីនោះជាប់រហូតដូច ISS ដែរ៕