(សេអ៊ូល)៖ លោក សុង យ៉ាងមូ (Song Young moo) ដែលទើបតែត្រូវប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន តែងតាំងជារដ្ឋមន្ត្រីការពារជាតិថ្មីត្រូវបានគេស្គាល់ថា លោកជាមនុស្សម្នាក់មានជំនាញខ្ពស់ខាងយុទ្ធសាស្ត្រយោធា និងកំណែទម្រង់យោធាកូរ៉េខាងត្បូង នៅក្រោមការដឹកនាំនៃរដ្ឋាភិបាលសេរីនិយមរបស់ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក រូ មូយ៉ុន (Roh Moo-hyun) (២០០៦-២០០៨)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។
ការតែងតំាងអតីតមន្ត្រីជាន់ខ្ពស់កងនាវាកូរ៉េខាងត្បូង លោក សុង យ៉ាងមូ អាយុ៦៨ឆ្នាំ ធ្វើឡើងនៅចំពេលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងកាន់តែរីកចំរើនទៅមុខ ខណៈក្រុមអ្នកជំនាញព្យាករណ៍ថា ទីក្រុងព្យុងយ៉ាងអាចនឹងមានលទ្ធភាព ផលិតបានមីស៊ីលផ្លោងឆ្លងទ្វីបបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ICBM អាចបាញ់ដល់សហរដ្ឋអាមេរិក យ៉ាងយូរនៅឆ្នាំ២០២០ខាងមុខនេះ។
ហេតុដូច្នេះហើយតាមរយៈបទពិសោធន៍ និងជំនាញខាងយុទ្ធសាស្ត្រយោធារបស់ លោក សុង ទើបលោក មូន សម្រេចចិត្តជ្រើសរើសរូបលោកជារដ្ឋមន្ត្រីការពារជាតិថ្មី ដើម្បីពង្រឹងសមត្ថភាពយោធា និងធ្វើកំណែទម្រង់វិស័យយោធាកូរ៉េខាងត្បូង។ ដោយឡែកជុំវិញការតែងតំាងនេះដែរ មន្ត្រីនៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Cheong Wa Dae បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា «បេក្ខជនដែលត្រូវបានជ្រើសតាំង (លោក សុង យ៉ាងមូ) គឺជាមនុស្សមាន សមត្ថភាពខ្ពស់ក្នុងការឆ្លើយតបទៅនឹង ការគំរាមកំហែងពីសំណាក់មីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ព្រមទំាងជំរុញការផ្លាស់ប្ដូរ ឬកំណែទម្រង់ដោយភាពវិជ្ជមាន»។
គួររំលឹកថា កាលពីខែមិថុនា ឆ្នាំ១៩៩៩ លោក សុង យ៉ាងមូ បានទទួលជ័យជម្នះនៅក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នារវាងកងនាវាកូរ៉េខាងត្បូង និងកូរ៉េខាងជើងនៅក្បែរកោះ Yeongpyeong ស្ថិតតំបន់ព្រំដែនទឹកនៃប្រទេសទាំងពីរ ហើយនៅពេលនោះដែរ លោកមានតួនាទីជាមេបញ្ជាការកងពលមួយ នៃកងនាវាកូរ៉េខាងជើង៕