(ហ្សាការតា)៖ គ្រោះធម្មជាតិរញ្ជួយដីផែនដីដ៏កក្រើកកម្រិត ៦.៣រ៉ិចទ័រ ដែលបានវាយប្រហារភាគខាងត្បូងខេត្តជ្វានៃប្រទេសឥណ្ឌូណេស៊ីនោះ មិនបានបង្កការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង ឬក៏មនុស្សរងគ្រោះថ្នាក់នោះឡើយ ដោយវាគ្រាន់តែបង្កភាពភ័យតក់ស្លុតដល់ប្រជាជនរស់នៅក្នុងតំបន់នោះ ក៏ព្រោះតែអគារជាច្រើនបានញ័ររញ្ជួយពីតិច ទៅមធ្យមប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។
គ្រោះរញ្ជួយដីខាងលើនេះ បានកើតមានឡើងនៅវេលាម៉ោង ៦៖១៥នាទីព្រឹក ម៉ោងនៅទីក្រុងហ្សាការតា ដែលមានចម្ងាយ ១៧៩គីឡូម៉ែត្រពីទីក្រុង Sukabumi នៃខេត្តជ្វា ដោយវាបានញ័រចេញពីក្នុងជម្រៅ ១០គីឡូម៉ែត្រខាងក្រោមបាតសមុទ្រ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នឥណ្ឌូណេស៊ី (BNPB) បានអះអាងថា គ្រោះរញ្ជួយដី ៦.៣រ៉ិចទ័រនេះ ក៏បានជះឥទ្ធិពលដល់រដ្ឋធានីហ្សាការតាផងដែរ ដែលមានចម្ងាយ ២០០គីឡូម៉ែត្រ ភាគខាងជើងនៃតំបន់ស្នូល ដែលបានរងគ្រោះរញ្ជួយដី។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី មានទីតាំងស្ថិតនៅក្នុងតំបន់ «Ring of Fire» ដែលជាខ្សែក្រវាត់ដ៏រង្គោះរង្គើព័ទ្ធជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រការនេះវាតែងតែបង្កឲ្យប្រទេសនេះ ងាយរងគ្រោះដោយសាររញ្ជួយដី បន្ទុះភ្នំភ្លើង និងព្យុះកំណាចជាដើម៕