(ឡុងដ៍)៖ មេដឹកនំាគណបក្សប្រឆាំងធំបំផុតអង់គ្លេស គឺគណបក្សពលករ លោក Jeremy Corbyn បាននិយាយថា លោកសង្ឃឹមនឹងអាចមានការរៀបចំបោះឆ្នោតថ្មីមួយទៀត នៅក្នុងឆ្នាំ២០១៧នេះ ឬក៏នៅឆ្នាំ២០១៨ខាងមុខ បន្ទាប់ពីលទ្ធផល​បោះឆ្នោត​ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបង្ហាញថា ពុំមានអ្នកណាឈ្នះឲ្យពិតប្រាកដ។ នេះបើតាម​ការចេញ​ផ្សាយដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។​

ការថ្លែងបែបនេះ​របស់ លោក Jeremy Corbyn ធ្វើឡើងនៅក្នុងបទសម្ភាសន៍​ជាមួយសារព័ត៌មាន BBC។ លោក Jeremy Corbyn បានបញ្ជាក់យ៉ាងដូច្នេះថា «វាអាចទៅរួចថា នឹងមានការបោះឆ្នោត​ថ្មីមួយនៅក្នុងឆ្នាំនេះ ឬក៏នៅដើមឆ្នាំ​ក្រោយ ហើយវាអាចជា​រឿងមួយដ៏ល្អ ពីព្រោះយើងមិនអាច​បន្តឱ្យស្ថានភាព​អស្ថេរភាព​ដ៏ខ្លាំងកើតឡើង​នោះទេ... យើងមាន​គំរោង យើងមានការគាំទ្រ ហើយយើងបានត្រៀម​ខ្លួនរួចជាស្រេច ក្នុងការតស៊ូ​ធ្វើយុទ្ធនាការឃោសនា​បោះឆ្នោត​ជាថ្មី ក្នុងពេលឆាប់ៗនេះ​តាមដែលអាច​ធ្វើទៅបាន»

គួរបញ្ជាក់ថា នៅក្នុងការ​បោះឆ្នោតសភា​កាលពីថ្ងៃព្រហស្បតិ៍​សប្ដាហ៍មុន គណបក្សអភិរក្ស​និយមរបស់​នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May គឺជាអ្នក​ទទួលបាន​ជ័យជម្នះ ដោយទទួលបាន​សំឡេងគាំទ្រ ៣១៨អសនៈ ទល់នឹង ២៦២អសនៈ នៃគណបក្សពលករ​របស់ លោក Jeremy Corbyn។ ក៏ប៉ុន្តែគណបក្ស​អភិរក្សនិយម បានបាត់​បង់សំឡេងភាគច្រើន​ដាច់ខាតរបស់ខ្លួន ដែលត្រូវការជា​ចាំបាច់ ៣២៦សំឡេង ក្នុងចំណោម​អសនៈសរុប ៦៥០ក្នុងសភា៕