(មីយ៉ាន់ម៉ា)៖ គិតមកទល់ថ្ងៃចន្ទនេះសាកសពជនរងគ្រោះ នៅក្នុងករណីធ្លាក់យន្តហោះយោធាមួយគ្រឿង របស់ប្រទេសមីយ៉ាន់ម៉ាមានផ្ទុកមនុស្សចំនួន ១២២នាក់ នៅសមុទ្រ Andaman ភាគខាងត្បូង ដែលត្រូវបានរកឃើញ បានកើនដល់ ៥៩នាក់ ស្របពេលដែលប្រតិបត្តិការជួយសង្រ្គោះ និងរុករកបានឈានចូលដល់ថ្ងៃទី០៦ និងមនុស្សជាច្រើននាក់ទៀត នៅតែបន្តបាត់ខ្លួនដដែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។
ពិធីបូជាសពជាបន្តបន្ទាប់ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុង Dawei ដែលស្ថិតនៅចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ពីទីតាំងដែលយន្តហោះធុន Y-8-200F បានធ្លាក់ផងដែរ ដោយសាកសពជនរងគ្រោះសរុបទាំង ៥៩នាក់ រួមមានស្រ្តី ២៣នាក់, កុមារ០៩នាក់, បុរស២៦នាក់ និងម្នាក់ទៀតមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណ ដែលនាវាកងទ័ពជើងទឹករួមទាំងទូកនេសាទមីយ៉ាន់ម៉ា បានរកឃើញ និងស្រង់ចេញពីទឹកសមុទ្រ Andaman។
ស្របពេលជាមួយគ្នា កងនាវាជើងទឹករបស់យោធាមីយ៉ាន់ម៉ាចំនួន០៨គ្រឿង រួមជាមួយទូកនេសាទរបស់ប្រជាជនស៊ីវិលប្រមាណ ២០គ្រឿងទៀត នៅតែកំពុងបន្តធ្វើប្រត្តិបត្តិការតាមស្វែងរកជនរងគ្រោះ ក៏ដូចជាបំណែកយន្តហោះយ៉ាងសកម្មដដែល ទោះបីជាអាកាសធាតុមានភាពលំបាកខ្លាំងយ៉ាងណាក្តី។
គួរបញ្ជាក់ថា យន្តហោះធុន Y-8-200F របស់កងទ័ពជើងអាកាសមីយ៉ាន់ម៉ា បានដឹកអ្នកដំណើរ១០៨នាក់ និងសហសេវិក១៤នាក់ ព្រមទាំងមានផ្ទុកទំនិញផ្សេងៗទម្ងន់ ២,៤តោនផងដែរ ហើយក្នុងចំណោមអ្នកដំណើរទាំងនោះមានកុមារ ១៥នាក់, មនុស្សពេញវ័យជាជនស៊ីវិលចំនួន ៥៨នាក់, កងទ័ព ៣៥នាក់ ដែល០៦នាក់ជាមន្ត្រីយោធាជាន់ខ្ពស់ និង ២៩នាក់ជាមន្ត្រីយោធាធម្មតា នៅពេលដែលវាបានដាច់ការទាក់ទងក្នុងអំឡុងពេលហោះចេញពីទីក្រុង Myeik ដើម្បីឆ្ពោះទៅកាន់ទីក្រុង Yangon កាលពីរសៀលថ្ងៃពុធសប្តាហ៍មុន នៅលើផ្ទៃសមុទ្រ Andaman។ រីឯមូលហេតុ ដែលបានបង្កឲ្យកើតមានសោកនាដកម្មធ្លាក់យន្តហោះដ៏អាក្រក់នេះ ក៏ពុំត្រូវបានបកស្រាយ ឬដឹងច្បាស់នោះដែរ៕