(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងអាចនឹងដឹកនាំការបាញ់សាកល្បងគ្រាប់មីស៊ីល រៀងរាល់ ២.១សប្ដាហ៍នៅក្នុងករណី របបដឹកនាំទីក្រុងព្យុងយ៉ាងនៅតែបន្តធ្វើតេស្ដមីស៊ីលដូច ដែលខ្លួនធ្លាប់បានធ្វើនៅក្នុងឆ្នាំ២០១៧នេះ។ នេះបើតាមអ្នកជំនាញអាមេរិកលោក Troy Stangarone ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមលោក Troy Stangarone អ្នកជំនាញមកពីវិទ្យាស្ថានសេដ្ឋកិច្ចកូរ៉េ នៃសហរដ្ឋអាមេរិក ការវាយតម្លៃរបស់លោក គឺធ្វើឡើងដោយផ្អែកលើការវិភាគពីចំនួនគ្រាប់មីស៊ីល ដែលកូរ៉េខាងជើង បានបាញ់ចាប់តាំងពីឆ្នាំ២០១២ ពោលគឺគិតចាប់ពី លោក គីម ជុងអ៊ុន ឡើងកាន់អំណាចមក។ លោក Troy Stangarone បានបញ្ជាក់ដូច្នេះថា «ចាប់តាំងពី លោក គីម ជុងអ៊ុន ឡើងកាន់តំណែងមក អាត្រាដែលកូរ៉េខាងជើងបាញ់សាកល្បងមានមីស៊ីលមាន ១០.៨គ្រាប់ក្នុងមួយឆ្នាំ គិតចាប់ពីឆ្នាំ២០១២-២០១៦ ហើយចំនួននេះបានកើនឡើងជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។
គួររំលឹកថា កាលពីឆ្នាំ២០១២ និងឆ្នាំ២០១៣ កូរ៉េខាងជើងបានដឹកនាំការបាញ់សាកល្បងមីស៊ីលសរុបចំនួន០៨ ហើយបើគេដកចេញការធ្វើតេស្ដនៅអំឡុងដើមឆ្នាំ នោះអត្រាដែលទីក្រុងព្យុងយ៉ាង បាញ់សាកល្បងមីស៊ីលមានរហូត ១៥.៣គ្រាប់ក្នុងមួយឆ្នាំ គិតពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ នេះមិនទាន់រាប់បញ្ចូលការធ្វើតេស្ដមីស៊ីលនៅក្នុងឆ្នាំ២០១៧នេះផង។ នេះបើតាមលោក Troy Stangarone៕