(លីប៊ី)៖ កងកម្លាំងយោធាលីប៊ីមួយក្រុមបានអះអាងថា ពួកគេបានសម្រេចចិត្តដោះលែង លោក សាអ៊ីហ្វ អាល់អ៊ីស្លាម (Saif Al-Islam) កូនប្រុសទី២ នៃអតីតមេដឹកនាំផ្ដាច់ការលីប៊ី លោក មួអាម៉ា ហ្គាដាហ្វី (Muammar Gaddafi) ឱ្យមានសេរីភាពវិញហើយ នៅក្នុងក្របខណ្ឌនៃការអនុវត្តន៍ច្បាប់លើកលែងទោស របស់សភានៃអាជ្ញាធរភាគខាងកើតប្រទេសលីប៊ី។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧។
តាមអ្វីដែលចុះផ្សាយគេហទំព័រ Facebook កងយោធា Abou Bakr al-Sadiq ដែលកំពុងគ្រប់គ្រងទីក្រុង Zenten ស្ថិតនៅចំងាយ ១៧០គីឡូម៉ែត្រ ពីទីក្រុងទ្រីប៉ូលី (Tripoli) បានបញ្ជាក់ដូច្នេះយ៉ាងថា «សាអ៊ីហ្វ អាល់អ៊ីស្លាម ត្រូវបានដោះលែងឱ្យមានសេរីភាពកាលពីថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី១៤ នៃខែរ៉ាម៉ាឌន ក្រោមក្របខណ្ឌនៃការអុនវត្តន៍ច្បាប់លើកលែងទោស ប្រកាសដោយរដ្ឋសភានៅភាគខាងកើតប្រទេស... ហើយចាប់ពីពេលនេះតទៅ គាត់ (សាអ៊ីហ្វ អាល់អ៊ីស្លាម) នឹងមានសេរីភាពឡើងវិញ ព្រមទំាងអាចចាកចេញពីទីក្រុង Zenten»។
ទោះបីយ៉ាងណាក៏ដោយការដោះលែង លោក សាអ៊ីហ្វ អាល់អ៊ីសា្លម ធ្វើឡើងនៅចំពេលប្រទេសលីប៊ីត្រូវបានបែងចែកជាពីរ មួយជារដ្ឋាភិបាលទីក្រុងទ្រីប៉ូលី ដែលមាន សហគមន៍អន្តរជាតិគំាទ្រ និងមួយទៀតជារដ្ឋាភិបាលលីប៊ីនៅភាគខាងកើតនៃប្រទេស។ ដូច្នេះចង់ ឬមិនចង់ការសម្រេចចិត្តបែបនេះ ធ្វើឱ្យអ្នកជំនាញមួយចំនួនយល់ថា សាអ៊ីហ្វ អាល់អ៊ីស្លាម អាចនឹងត្រូវបានគេជ្រើសរើស ជាប្រមុខដឹកនាំយោធាណាមួយនៅក្នុងប្រទេស ដើម្បីបង្រួបបង្រួមជាតិឡើងវិញ។
ជាក់ស្ដែងកាលពីប៉ុន្មានខែកន្លងទៅ មេដឹកនាំយោធាម្នាក់នៅក្នុងទីក្រុង Zenten បាននិយាយដោយឥតលាក់លៀមថា សាអ៊ីហ្វ អាល់អ៊ីស្លាម គឺជាមនុស្សម្នាក់គត់ ដែលអាចបង្រួបបង្រួមលីប៊ី ខណៈប្រជាជនលីប៊ីភាគច្រើនកំពុងនឹកស្ដាយដល់ការដឹកនាំប្រទេស របស់អតីតមេដឹកនាំ លោក មូអាម៉ា ហ្គាដាហ្វី ដែលត្រូវបានគេសម្លាប់កាលពីឆ្នាំ២០១១។
គួរបញ្ជាក់ថា សាអ៊ីហ្វ អាល់អ៊ីស្លាម ត្រូវក្រុមឧទ្ទាមនៅក្នុងទីក្រុង Zenten ចាប់ខ្លួនក្រោយរដ្ឋប្រហារទម្លាក់ឪពុករបស់លោក និងត្រូវបានគេផ្ដន្ទាទោសប្រហារជីវិត កាលពីខែកក្កដា ឆ្នាំ២០១៥ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ប៉ុន្តែទោសនេះមិនត្រូវបានអនុវត្តន៍ឡើយ។ កាលពីឆ្នាំ២០១១ ផ្អែកលើហេតុផលរំលោភសិទ្ធិមនុស្ស បារំាង អង់គ្លេស និងសហរដ្ឋអាមេរិក បានសម្រេចចិត្តបញ្ចូនកងកម្ម៉ង់ដូពិសេសរបស់ខ្លួន ទៅជួយក្រុមឧទ្ទាម ដើម្បីផ្ដួលរំលំរបបដឹកនាំ លោក ហ្គាដាហ្វី តែចុងក្រោយលទ្ធផលដែល គេឃើញដូចសព្វថ្ងៃនោះ គឺលីប៊ីបច្ចុប្បន្នអន់ជាងលីប៊ីជំនាន់ លោក កាដាហ្វី ដឹកនាំទៅទៀត ដោយប្រជាជនលីប៊ី ត្រូវរស់នៅភិតភ័យស្ទើររៀងរាល់ថ្ងៃ រីឯប្រទេសជាតិត្រូវបែកបាក់ជាពីរ សេដ្ឋកិច្ចធ្លាក់ចុះរហូតដល់បាត បើធៀបទៅនឹងជំនាន់លោក ហ្គាដាហ្វី GDP របស់ប្រជាជនលីប៊ីគឺខ្ពស់ជាងគេ នៅក្នុងចំណោមប្រទេសអាហ្រិ្វកខាងជើង៕