(បារ៉ែន)៖ បន្ទាប់ពីបានដើរហែរហមតាមអារ៉ាប៊ីសាអូឌីត លើការកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយប្រទេសកាតា អាជ្ញាធរបារ៉ែន បានសម្រេចចិត្តដាក់ទោសទណ្ឌ លើប្រជាជនរបស់ខ្លួនទំាងឡាយណាដែលហ៊ានបង្ហោះសារគាំទ្រកាតា គ្រប់ទម្រង់មិនថា តែនៅលើប្រព័ន្ធទំនាក់ទំនងសង្គម ឬជាលក្ខណៈសរសេរដោយដៃ ឬក៏ជាផ្ទំាងបដាទំាងអស់។ នេះបើតាមការចេញផ្សាយដោសារព័ត៌មាន Washington Post នាពេលថ្មីៗនេះ។
យោងតាមអាជ្ញាធរបារ៉ែន អ្នកដែលបង្ហោះសារគាំទ្រកាតា នឹងត្រូវប្រឈមមុខជាប់ពន្ធនាគារយ៉ាងតិច០៥ឆ្នាំ ហើយវិធានការបែបនេះទៀតសោត ក៏ត្រូវបានប្រកាស ឱ្យប្រើផង ដែរនៅអេមីរ៉ាតអារ៉ាប់រួម ដោយអ្នកបង្ហោះសារគាំទ្រកាតា នៅលើបណ្ដាញទំនាក់ទំនងសង្គមនឹងត្រូវជាប់ទោសឧក្រិដ្ឋព័ត៌មានវិទ្យាដែលត្រូវដាក់ទោស តាមច្បាប់ឱ្យជាប់ ពន្ធនាគារពី០៣ឆ្នាំរហូតដល់ទៅ១៥ឆ្នាំ និងពិន័យជាប្រាក់១៣៦,០០០ដុល្លារអាមេរិក។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទកន្លងទៅ អារ៉ាប៊ីសាអូឌីត, អេមីរ៉ាត់អារ៉ាប់រួម, បារ៉ែន, យ៉េមែន, ម៉ាល់ឌីវ និងអេហ្ស៊ីប បានប្រកាសផ្ដាច់ទំនាក់ទំនងការទូត បិទព្រំដែនគោក-ទឹក និងអាកាសជាមួយកាតាដោយចោទថា ទីក្រុងដូហា គាំទ្រក្រុមចលនា ដែលពួកគេហៅថា ជាភេរវករ ដូចជា ក្រុមហាម៉ាស់ និង Muslim Brotherhood។ ចំណែកឯ កាតា បានច្រានចោលការចោទប្រកាន់ទាំងនេះ និងអះអាងការសម្រេចចិត្តបែបនេះគឺជារឿងអយុត្តិធម៌ ហើយថា ខ្លួននឹងមិនចុះញ៉ម ឬក៏ផ្លាស់ប្ដូរគោលនយោបាយការទូតរបស់ខ្លួនដូច ទីក្រុងរីយ៉ាតបានស្នើនោះទេ៕