(ដូហា)៖ បន្ទាប់ពីសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងការទូត បិទព្រំដែនទឹក-គោក និងអាកាសជាមួយកាតា នៅពេលនេះអាជ្ញាធរអារ៉ាប៊ីសាអូឌីត បានរារាំងមិនឱ្យប្រជាជនកាតា ចូលក្នុងវិហារអ៊ីស្លាម Grand Mosque ឬ Masjid al-Haram នៅក្នុងទីក្រុងមិចកា (Mecca) ដែលនេះអាចនឹងធ្វើឱ្យ ជម្លោះការទូត នៅក្នុងតំបន់ឈូងសមុទ្រហ្គូលកាន់តែ ធ្ងន់ធ្ងរឡើង។ នេះបើតាមសារព័ត៌មាន Al Sharq មានមូលដ្ឋាននៅក្នុងទីក្រុងដូហា ដកស្រង់ដោយ សារព័ត៌មាន Al Jazeera នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មាន Al Sharq គណៈកម្មាការជាតិសិទ្ធិមនុស្សកាតា (NHRC) បានទទួលពាក្យបណ្ដឹងពីប្រជាជនកាតាថា ពួកគេត្រូវបានហាមឃាត់ក្នុង ការធ្វើធម្មយាត្រា ប្រចាំឆ្នាំរបស់អ្នកកាន់សាសនាអ៊ីស្លាម ឬហៅថា ហាច់ (Haj) ឬក៏ហាជី នៅឯ Masjid al-Haram ក្នុងទីក្រុងមិចកា ប្រទេសអារ៉ាប៊ីសាអូឌីត។ ដោយឡែកជុំវិញព័ត៌មាននេះ ដែរ ប្រធានគណៈកម្មាការជាតិសិទ្ធិមនុស្សកាតា (NHRC) លោក Ali bin Smaikh al-Marri បានថ្កោលទោស និងហៅការ ហាមឃាត់នេះថា ជាការំលោភយ៉ាងធ្ងន់ធ្ងរលើ សិទ្ធិអនុវត្តគោរពប្រតិបត្តិសាសនា និងជំនឿដែលការពារដោយអនុសញ្ញា ស្ដីពីសិទ្ធិមនុស្ស។ យ៉ាងណាក៏ដោយ ខាងទីក្រុងរីយ៉ាត មិនទាន់ប្រតិកម្មអ្វីទៅនឹងសេចក្ដីរាយការណ៍នេះនៅឡើយនោះទេ។
គួរបញ្ជាក់ថា ការអះអាងពីបម្រាមខាងលើ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី អេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន បានប្រកាសដាក់ទោសទណ្ឌលើប្រជាជនរបស់ ខ្លួនដែលគាំទ្រ កាតា នៅលើបណ្ដាញទំនាក់ទំនងសង្គម ហើយជនល្មើសអាចនឹងត្រូវប្រឈមមុខជាប់ពន្ធនាគាររហូតដល់ទៅ១៥ឆ្នាំ ព្រមទាំងពិន័យជា ប្រាក់១៣៦,០០០ដុល្លារ ខណៈអាជ្ញា ធរបារ៉ែន ក៏បានចេញការអនុវត្តដូចគ្នានេះដែរ ដោយដាក់ទោសជនល្មើសឱ្យជាប់ពន្ធនាគារយ៉ាងតិច០៥ឆ្នាំ៕