(ម៉ានីល)៖ កងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិក បានសម្រេចចូលរួមជាមួយកងទ័ពហ្វីលីពីន ដើម្បីជួយបញ្ចប់ជម្លោះប្រដាប់អាវុធ នៅទីក្រុង Marawi ដែលបង្កឡើងដោយបណ្តាក្រុមសកម្មប្រយុទ្ធ ISIS បន្ទាប់ពីការប្រយុទ្ធគ្នាដ៏ក្តៅគគុក នៅភាគខាងត្បូងប្រទេសអាស៊ានមួយនេះ បានអូសបន្លាយអស់រយៈពេលប្រមាណបីសប្តាហ៍ហើយនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន USA Today នៅយប់ថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០១៧។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំរដ្ឋធានីម៉ានីល បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា «ឆ្លើយតបតាមសំណើរបស់រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន កងកម្លាំងប្រតិបត្តិការពិសេសសហរដ្ឋអាមេរិក កំពុងជួយផ្តល់ការគាំទ្រដែលចាំបាច់ ដល់កងកម្លាំងយោធាហ្វីលីពីន ជាមួយប្រត្តិបត្តិការវាយកម្ទេចក្រុមឧទ្ទាម Maute និង អាប៊ូសាហ្វយ៉ាហ្វ ដែលបានចូលអុកឡុកនៅក្នុងទីក្រុង Marawi»។ សេចក្តីថ្លែងការណ៍ដដែលបានបន្តទៀតថា «អាមេរិកនៅតែជាសម្ព័ន្ធគួរឲ្យមោទនរបស់ប្រទេសហ្វីលីពីន ហើយយើងនឹងបន្តធ្វើការងារជាមួយរដ្ឋាភិបាលទីក្រុងម៉ានីល ដើម្បីលើកពិភាក្សានូវការគំរាមកំហែងផ្សេងៗ ដែលអាចកើតមានឡើងចំពោះសន្តិភាព ក៏ដូចជាសន្តិសុខនៃប្រទេសយើងទាំង រួមទាំងបញ្ហាបង្រ្កាបអំពើភេរវកម្មផងដែរ»។
ជុំវិញរឿងនេះអ្នកនាំពាក្យម្នាក់របស់យោធាហ្វីលីពីន បានបញ្ជាក់ទទួលស្គាល់ថា កងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិក ពិតជាកំពុងជួយដល់កងទ័ពហ្វីលីពីនប្រាកដមែន ក៏ប៉ុន្តែបានអះអាងថា ពួកគេមិនបានចេញមុខប្រយុទ្ធផ្ទាល់នោះឡើយ។ អ្នកនាំពាក្យរូបនេះ បានថ្លែងដូច្នេះថា «ពួកគេមិនធ្វើការប្រយុទ្ធនោះទេ។ ពួកគេគ្រាន់តែផ្តល់ការគាំទ្រផ្នែកបច្ចេកទេសតែប៉ុណ្ណោះ»។ ជាមួយគ្នានេះ ខ្សែវិដេអូរបស់សារព័ត៌មានហ្វីលីពីន ABS-CBN បានបង្ហាញឲ្យឃើញថា យន្តហោះស៊ើបការណ៍ PS Orion មួយគ្រឿង កំពុងធ្វើហោះហើរឆ្វែលនៅលើទីក្រុង Marawi។
សូមជំរាបថា ពួកឧទ្ទាមនៅប្រទេសហ្វីលីពីន បាននាំគ្នាបើកការវាយប្រហារ ទៅលើទីក្រុង Marawi កាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅ ហើយបញ្ហាជម្លោះប្រដាប់អាវុធនេះ បានបណ្តាលឲ្យស្លាប់កម្លាំងយោធាហ្វីលីពីនសរុប៥៨នាក់, ជនស៊ីវិលស្លូតត្រង់២០នាក់, និងក្រុមសកម្មប្រយុទ្ធប្រមាណជា១៣៨នាក់ទៀត ខណៈមនុស្សជាង២០០,០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ គិតចាប់តាំងពីមានការផ្ទុះអាវុធកើតឡើង និងមនុស្សប្រហែល២,០០០នាក់កំពុងជាប់ខ្លួន នៅក្នុងតំបន់មួយនៃទីក្រុង ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម៕