(បរទេស)៖ តើអ្នកមានកត់សម្គាល់ឃើញទេថា មានអ្វីប្លែកខ្លះនៅលើផ្ទៃមេឃនាពេលថ្មីៗនេះ? គឺព្រះច័ន្ទពេញវង់ក្នុងខែមិថុនានេះ មានទំហំតូចជាងគេបំផុតនៅឆ្នាំ២០១៧នេះ ហើយស្របពេលជាមួយគ្នានេះ ក៏មានវត្ថុមួយផ្សេងទៀតផងដែរ ដែលមានពន្លឺចែងចាំងយ៉ាងល្អប្លែក នៅលើផ្ទៃមេឃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅល្ងាចថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០១៧។
យើងប្រហែលធ្លាប់លឺពាក្យថា Supermoon ហើយ គឺនៅពេលដែលព្រះច័ន្ទពេញវង់ កើតឡើងគាប់ជួននៅចំ ឬក្បែរទីតាំង Perigee ជាចំណុចមួយនៅក្នុងគន្លងគោចរ នៃឋានព្រះច័ន្ទ នៅពេលដែលវាស្ថិតនៅកៀកភពផែនដីជាទីបំផុត ហើយនៅក្នុងឱកាសបែបនេះ លោកខែមើលទៅហាក់ដូចជាធំជាងធម្មតា ដោយសាររយៈចម្ងាយរបស់វាជាមួយភពរបស់យើង។ ក៏ប៉ុន្តែលោកខែកាលពីយប់ថ្ងៃសុក្រម្សិលមិញ មានលក្ខណៈផ្ទុយពីនេះ ដោយវាគឺជាព្រះច័ន្ទពេញវង់ ដែលស្ទើរតែកើតឡើងនៅទីតាំង Apogee ជាចំណុចដ៏ឆ្ងាយបំផុតរបស់ឋានព្រះច័ន្ទ ពីផែនដី។ យ៉ាងណាមិញ បើសិនជាអ្នកមិនបានដឹងជាមុនថា ព្រះច័ន្ទនឹងស្ថិតនៅឆ្ងាយ ឬក៏ជិតជាងធម្មតាទេនោះ អ្នកពិតជានឹងមិនចាប់អារម្មណ៍ថា វាមានការប្រែប្រួលទំហំនោះឡើយ។
ដោយឡែកប្រសិនបើអ្នកពុំបានកត់សម្គាល់ឃើញមានភាពខុសប្លែកភ្លាមៗថា ព្រះច័ន្ទហាក់បីដូចជាតូចជាងមុនខុសធម្មតាទេនោះ រឿងមួយទៀតដែលអ្នកប្រហែលជាអាចចាប់អារម្មណ៍ឃើញនោះ គឺភពអមដោយពន្លឺចែងចាំងមួយ ដែលស្ថិតនៅក្បែរនោះ គឺភពសៅរ៍ (Saturn)។ ភពសៅរ៍មានពន្លឺចែងចាំងយ៉ាងដូច្នេះ ដោយសារតែវាស្ថិតនៅចម្ងាយមកជិតភពផែនដី ជាងមុន។ មូលហេតុមួយវិញទៀត ដែលបានបណ្តាលឲ្យមានភ្លឺបែ្លកបែបនេះ គឺដោយសារចំណាំងផ្លាតពីខ្សែក្រវាត់របស់វា ដែលពង្រីកភពនេះឲ្យមានទំហំធំជាងភពព្រហស្បតិ៍ទៅទៀត៕