(វ៉ាស៊ីនតោន)៖ បន្ទាប់ពីត្រូវបាន លោក ដូណាល់ ត្រាំ បណ្តេញចេញពីតំណែងជានាយកនៃទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក លោក James Comey នាពេលនេះ កំពុងមានឱកាសអាចនឹងក្លាយខ្លួនជាមហាសេដ្ឋី ដោយសារកិច្ចព្រមព្រៀងស្តីពីការនិពន្ធសៀវភៅ មានតម្លៃដល់ទៅ ១០លានដុល្លារ ដែលបណ្តាក្រុមហ៊ុនបោះពុម្ពផ្សាយធំៗជាច្រើន យល់ព្រមផ្តល់ឲ្យរូបលោក សម្រាប់កំណត់ហេតុនៃរឿងរ៉ាវដ៏គួរឲ្យទាក់ទាញ នៅក្នុងឆាកជីវិតរបស់អតីតមេ FBI រូបនេះ ជាពិសេសពាក់ព័ន្ធអតីតរដ្ឋមន្រ្តីការបរទេស លោកស្រី ហ៊ីលឡារី គ្លីនតុន រួមទាំងលោកប្រធានាធិបតីអាមេរិកបច្ចុប្បន្នតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Daily Mail នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា អតីតមេ FBI លោក James Comey ដែលត្រូវបាន លោក ត្រាំ បញ្ឈប់ពីតំណែងកាលពីខែឧសភាកន្លងទៅ ក្រោមហេតុផលថា លោកពុំមានសមត្ថភាពដឹកនាំទីភ្នាក់ងារ FBI នោះ បានចូលផ្តល់សក្ខីកម្មក្រោយពាក្យសម្បថ នៅចំពោះមុខគណៈកម្មាធិការស៊ើបអង្កេតព្រឹទ្ធសភា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ស្តីពីការស៊ើបអង្កេតទៅលើ ទំនាក់ទំនង រវាងក្រុមយុទ្ធនាការរបស់លោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលរុស្ស៊ី រួមទាំងកិច្ចសន្ទនាទល់មុខគ្នាមួយទល់នឹងមួយរវាងលោក និងលោក ត្រាំ ផងដែរ ហើយអំឡុងពេលនៃការធ្វើសក្ខីកម្មនោះ មានអ្នកទស្សនាដល់ទៅប្រមាណ ២០លាននាក់ឯណោះ តាមប្រព័ន្ធផ្សព្វផ្សាយនានារបស់អាមេរិក៕