(បរទេស)៖ អំឡុងពេលថ្មីៗនេះ ប្រទេសកាតាកំពុងមានបញ្ហាជម្លោះការទូតយ៉ាងក្តៅគគុក ជាមួយបណ្តាប្រទេសអារ៉ាប់ បន្ទាប់ពីព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រទេសអេមីរ៉ាត់អារ៉ាប់រួម, អេហ្ស៊ីប, បារ៉ែន, យ៉េម៉ែន, លីប៊ី, និងម៉ាល់ឌីវ បានប្រកាសផ្តាច់ទំនាក់ទំនងជាមួយទីក្រុងដូហា ដោយចោទថា រដ្ឋនេះបានគាំទ្រក្រុមភេរវករ។ ខាងក្រោមនេះគឺជាប្រវត្តិសង្ខេបខ្លះៗ ស្តីពីប្រទេសកាតា៖
១៖ ប្រវត្តិជាទូទៅ
កាតាដែលធ្លាប់ជារដ្ឋដ៏ក្រីក្រតូចមួយ ក្នុងចំណោមរដ្ឋនៅតំបន់ឈូងសមុទ្រនោះ (Gulf States) បច្ចុប្បន្ននេះ គឺជាប្រទេសដែលមានជាងគេបំផុតនៅក្នុងតំបន់ ក៏ដូចជាលើពិភពលោកទាំងមូលជាមួយប្រាក់ចំណូលក្នុងស្រុកសរុប ជាមធ្យមសម្រាប់ប្រជាជនម្នាក់ៗ (GDP) ចំនួន ១២៩,៧២៦ដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីខ្លួនបានរកឃើញ ក៏ដូចជាចាប់ផ្តើមអភិវឌ្ឍន៍ធនធានប្រេង និងឧស្ម័នធម្មជាតិ ដ៏ស្តុកស្តម្ភ ដែលស្តុកទុកនៅក្រោមផ្ទៃប្រទេសកាលពីពាក់កណ្តាលសតវត្សរ៍ទី២០។
ប្រទេសកាតាកំពុងប្រើប្រាស់ចំណូល ដែលរកបានពីធនធានរ៉ែ ដើម្បីគាំទ្រដល់មហិច្ឆតាក្នុងតំបន់ និងសកលរបស់ខ្លួន និងបានចូលរួមពាក់ព័ន្ធក្នុងការព្យាយាមសម្រេចឲ្យបាននូវ កិច្ចព្រមព្រៀងសន្តិភាពនៅអាហ្វហ្គានីស្ថានថែមទៀតផង ហើយកាតាក៏បានទទួលជ័យជម្នះនៅក្នុងការដេញថ្លៃដ៏ចម្រូងចម្រាស់ ដើម្បីក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០២២ផងដែរ។
យ៉ាងណាមិញរាល់ការលូកដៃ នៅក្នុងតំបន់របស់ប្រទេសកាតា មិនតែងតែទទួលបានការពេញចិត្ត ពីបណ្តាប្រទេសមហាអំណាចប្រចាំពិភពអារ៉ាប់ដទៃទៀតនោះឡើយ តួយ៉ាងដូចជាការគាំទ្ររបស់កាតា ចំពោះក្រុមឧទ្ទាមហាម៉ាស់ នៅតំបន់ហ្គាហ្សា រួមទាំងក្រុមចលនាអ៊ីស្លាម នៅអេហ្ស៊ីប និងស៊ីរីនោះឯង។
ម៉្យាងវិញទៀតកាតាក៏មានបញ្ហានៅក្នុងប្រទេសផងដែរ ដោយជារឿយៗប្រទេសនេះ តែងបានទទួលរងការរិះគន់ ពីសំណាក់ក្រុមអង្គការឃ្លាំងមើលសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងការប្រព្រឹត្តទៅលើកម្លាំងពលកម្ម ដែលជាជនអន្តោប្រវេសន៍។
២៖ មេដឹកនាំ
កាតាគឺជាប្រទេសរាជានិយម គ្រប់គ្រងដោយព្រះចៅមួយអង្គ ដែលគេហៅថា Emir មានតួនាទីជាប្រមុខរដ្ឋ និងជាអគ្គមេបញ្ជាការកងទ័ពនៃផ្ទៃប្រទេសទាំងមូល។ Emir បច្ចុប្បន្នគឺព្រះចៅ Shekh Tammin Bin Hamad Al-Thani ដែលបានឡើងស្នងតំណែងពីបិតារបស់ទ្រង់ កាលពីខែមិថុនា ឆ្នាំ២០១៣។ ប្រជាជាតិមួយនេះ បានបន្តស្ថិតក្រោមការគ្រប់គ្រងរបស់គ្រួសាររាជវង្ស Al-Thani ចាប់តាំងតែពីពាក់កណ្តាលសតវត្សរ៍ទី១៩មកម្ល៉េះ។
ខណៈព្រះចៅ Emir គឺជាបុគ្គលដែលក្តោបក្តាប់អំណាចប្រតិបត្តិទាំងអស់ក៏ដោយ កាតានៅតែជឿជាក់ថា ប្រជាជនគឺជាប្រភពចម្បងនៃអំណាចដោយរដ្ឋាភិបាលកាតា ឈរលើមូលដ្ឋាននៃការបំបែកអំណាច ទៅតាមក្រុមប្រឹក្សាប្រតិបត្តិនៃរដ្ឋមន្រ្តី, ក្រុមប្រឹក្សាយោបល់នីតិបញ្ញត្តិ, និងប្រព័ន្ធតុលាការ។ ក៏ប៉ុន្តែព្រះចៅ Emir គឺជាអ្នកតែងតាំងផ្ទាល់នូវរាល់មន្រ្តីខាងអំណាចនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ ហើយគ្រប់ច្បាប់ទាំងអស់ត្រូវបានទទួលការឯកភាពពីទ្រង់។
៣៖ ប្រព័ន្ធផ្សព្វផ្សាយ
បណ្តាញសារព័ត៌មានដ៏ធំ និងមានឥទ្ធិពលបំផុត Al-Jazeera ដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលកាតា បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការបង្កើនកេរ្តិ៍ឈ្មោះនៃប្រព័ន្ធផ្សព្វផ្សាយកាតា នៅលើឆាកអន្តរជាតិ។ ដោយឡែកដោយសារតែសារព័ត៌មាននេះ មានចំណងទាក់ទងនឹងគ្រួសាររាជវង្សរបស់កាតា កាសែត Al-Jazeera ពុំសូវជាមាន ឬមិនមានសោះតែម្តងនូវសេចក្តីរាយការណ៍រិះគន់ អំពីកិច្ចការនយោបាយក្នុងស្រុក និងគោលនយោបាយការបរទេស។ ម៉្យាងវិញទៀតរដ្ឋាភិបាលកាតា ក៏ធ្វើការច្រោះខ្លឹមសារព័ត៌មានទាំងឡាយណា ដែលត្រូវបានចាត់ទុកថា ជាការប្រមាថក៏ដូចជាប៉ះពាល់ទៅលើសាសនាអ៊ីស្លាម រឿងអាសអាភាស រួមទាំងព័ត៌មានឯកជនផ្សេងៗទៀត សម្រាប់អ្នកទស្សនាក្នុងប្រទេសប្រមាណ ២.២លាននាក់ នៅតាមបណ្តាញអ៊ីនធឺណែតផងដែរ។
៤៖ កាលបរិច្ឆេទសំខាន់ៗ នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកាតា
* ទសវត្សរ៍ឆ្នាំ១៧០០៖ ជនអន្តោប្រវេសន៍ជាច្រើន បានចាប់ផ្តើមរបរស្វែងរកគុជនៅក្នុងផ្ទៃសមុទ្រ និងការធ្វើជំនួញ នៅតាមបណ្តោញឆ្នេរនៃប្រទេសកាតាសព្វថ្ងៃនេះ។
* ឆ្នាំ១៩១៦៖ កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខា ស្តីពីការអនុញ្ញាត្តិឲ្យចក្រភពអង់គ្លេសគ្រប់គ្រង លើកិច្ចការក្រៅប្រទេសរបស់កាតា ជាថ្នូរនឹងការធានាសុវត្ថិភាពឲ្យប្រទេសកាតា។
* ឆ្នាំ១៩៣៩៖ ធនធានប្រេង និងឧស្ម័នធម្មជាតិយ៉ាងស្តុកស្តម្ភ ត្រូវបានរកឃើញជាលើកដំបូង ហើយការអភិវឌ្ឍន៍ធនធានទាំងនោះ ត្រូវបានពន្យាពេលជាបណ្តោះអាសន្នដោយសង្រ្គាមលោកលើកទីពីរ តែពួកវាបានក្លាយជាប្រភពចំណូលចម្បងរបស់ប្រទេសកាតា ជំនួសឲ្យការរុករកគុជក្រោមផ្ទៃសមុទ្រ និងការនេសាទ។
* ខែមិថុនា ឆ្នាំ២០០៥៖ រដ្ឋធម្មនុញ្ញដំបូងបំផុតរបស់កាតា បានចូលជាធរមាន និងបានធ្វើឲ្យប្រទេសកាតាឈានទៅរកការធ្វើកំណែទម្រង់មួយចំនួន តាមលទ្ធិប្រជាធិបតេយ្យ។
* ខែមិថុនា ឆ្នាំ២០១៧៖ វិបត្តិការទូតយ៉ាងក្តៅគគុកបានផ្ទុះឡើង បន្ទាប់ពីរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងបណ្តាប្រទេសអារ៉ាប់មួយចំនួនទៀត បានកាត់ផ្តាច់ទំនាក់ទំនងផ្លូវអាកាស ផ្លូវគោក និងផ្លូវសមុទ្រជាមួយប្រទេសកាតា ដើម្បីព្យាយាមដាក់សម្ពាធបង្ខំឲ្យកាតា បញ្ឈប់ទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមភេរវករ និងបង្កើនគម្លាតពីប្រទេសអ៊ីរ៉ង់។
៥៖ ចំណេះដឹងបន្ថែមពីប្រទេសកាតា
* រដ្ឋធានី៖ ដូហា (Doha)
* ចំនួនប្រជាជនសរុប៖ ២.៧លាននាក់
* ផ្ទៃក្រឡា៖ ១១,៤៣៧គីឡូម៉ែត្រការ៉េ
* ភាសា៖ អារ៉ាប់
* សាសនា៖ អ៊ីស្លាម
* អាយុកាលប្រជាជនមធ្យម៖ ៧៨.៥
* រូបិយប័ណ្ណ៖ រីយ៉ាល់ (Riyal)
ប្រភពព័ត៌មាន៖ BBC News
បកប្រែ និងសម្រួល៖ ប៉ុច រ៉ូប៊ីន