(ហ្វីលីពីន)៖ កងកម្លាំងជើងទឹកហ្វីលីពីនសរុប ១៣នាក់បន្ថែមទៀតបានបាត់បង់ជីវិត នៅក្នុងប្រតិបត្តិការបោសសម្អាតពួកឧទ្ទាម ដែលបានក្លាយជាបណ្តាញក្រុម ISIS ស្ថិតនៅទីក្រុង Marawi នៃខេត្តមីនដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីន ដែលបានអូសបន្លាយរាប់សប្តាហ៍មកហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមអ្នកនាំពាក្យយោធាហ្វីលីពីន នាយទាហានជើងទឹកដែលបានបាត់បង់ជីវិតទាំង ១៣នាក់នោះ គឺបានស្ថិតនៅក្នុងការប្រយុទ្ធគ្នាដ៏ក្តៅគគុក កាលពីថ្ងៃសុក្រម្សិលមិញ ដើម្បីកម្ទេចមូលដ្ឋានរបស់ក្រុមឧទ្ទាម។ ប្រការនេះបានធ្វើឲ្យចំនួនយោធារុប ៥៨នាក់ហើយបានស្លាប់ និងជនស៊ីវិល ២០នាក់ផងដែរបាត់បង់ជីវិត នៅក្នុងសង្គ្រាមកម្ទេចបណ្តាញក្រុមភេរវករ ISIS នៅក្នុងទីក្រុង Marawi។ ដោយឡែកសម្រាប់ព័ត៌មានពីពួកឧទ្ទាមវិញ គឺសមាជិកពួកគេជាង ១០០នាក់បានស្លាប់។
គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធ Maute ដែលជាសម្ព័ន្ធជាមួយក្រុម អាប៊ូសាយយ៉ាហ្វ នឹងទើបតែភ្ជាប់ទំនាក់ទំនងទៅរក ISIS កាលពីប៉ុន្មានសប្តាហ៍មុននេះ បានធ្វើការដណ្តើមកាន់កាប់ទីក្រុង Marawi ស្ថិតនៅលើកោះមីនដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីន ដែលជាហេតុបង្ខំឲ្យកងកម្លាំងរដ្ឋាភិបាល លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ចេញប្រតិបត្តិការក្តៅ និងប្តេជ្ញាបោសសម្អាតក្រុមនេះឲ្យអស់ តបតាមច្បាប់អាជ្ញាសឹកដែលបានដាក់ នៅទូទាំងខេត្តភាគខាងត្បូងនេះចំនួន ៦០ថ្ងៃ គិតចាប់តាំងពីខែចុងខែឧសភាមក។
ព័ត៌មានចុងក្រោយពេលនេះ កងកម្លាំងយោធាហ្វីលីពីនបានអះអាង ខ្លួននឹងធ្វើការគ្រប់គ្រងសន្តិសុខក្នុងទីក្រុង Marawi ឲ្យបានទាំងស្រុងតែម្តងនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ដែលត្រូវជាថ្ងៃបុណ្យឯករាជ្យជាតិហ្វីលីពីន៕