(កាប៊ុល)៖ កងកម្លាំងយោធារបស់ប្រទេសអាហ្វហ្គានីស្ថាន បានបើកប្រតិបត្តិការក្តៅនៅតាមចំណុចសំខាន់ៗ របស់ក្រុមសកម្មប្រយុទ្ធមួយនៅទូទាំងប្រទេស ហើយជាលទ្ធផលគឺសមាជិកសកម្មប្រយុទ្ធសរុប ២៣នាក់បានបាត់បង់ជីវិតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍ពីក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា «ប្រតិបត្តិការយោធានានា ត្រូវបានធ្វើឡើងនៅក្នុងខេត្ត Faryab, Badakhshan, Kunduz និង Helmand ដោយបានផ្តាច់ជីវិតពួកសកម្មប្រយុទ្ធ ២៣នាក់ និងរបួស០៩នាក់»។ បន្ថែមពីនេះសព្វាវុធជាច្រើន ក៏ត្រូវបានរឹបអូសផងដែរ ប៉ុន្តែក្រសួងមិនបានបញ្ជាក់ថា ភាគីខាងកងកម្លាំងរដ្ឋាភិបាលប៉ុន្មាននាក់ ដែលបានទទួលរងរបួស ឬបាត់បង់ជីវិតនោះឡើយ។
គួរបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ គឺសំដៅទៅលើក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលតែងតែបង្កព្យុះភ្លៀងនៅអាហ្វហ្គានីស្ថាន ជាងមួយទសវត្សរ៍មកហើយ។ ប្រតិបត្តិការខាងលើនេះ បានកើតមានឡើងបន្ទាប់ពី រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានសម្រេចចេញសេចក្តីប្រកាស ថ្ងៃកាន់ទុក្ខរបស់ជាតិនៅទូទាំងផ្ទៃប្រទេស ជុំវិញការវាយប្រហារនាពេលថ្មីៗនេះ ដែលបានផ្តាល់ជីវិតមនុស្សជាង ១៥០នាក់៕