(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខបដិសេធថា រូបលោកពុំបានប្រាប់ទៅកាន់ អតីតនាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) លោក James Comey ឲ្យបោះបង់ការស៊ើបអង្កេតទៅលើ អតីតទីប្រឹក្សាសន្តិសុខជាតិ លោក Michael Flynn នោះឡើយ ហើយបានបន្ថែមថា លោក ស្វាគមន៍ជានិច្ចក្នុងការចូលផ្តល់សក្ខីកម្ម ស្តីពីព្រឹត្តិការណ៍នៃការសន្ទនារវាងរូបលោក និងលោក Comey។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០១៧។
បន្ទាប់ពីត្រូវបានក្រុមអ្នកសារព័ត៌មានចោទសួរនៅឯសេតវិមាន ស្តីពីសម្តីអះអាងរបស់ លោក James Comey ទាក់ទិននឹងការស៊ើបអង្កេតទៅលើ លោក Michael Flynn លោក ដូណាល់ ត្រាំ បានថ្លែងថា «ខ្ញុំមិនបាននិយាយដូច្នោះឡើយ» ហើយលោកប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា រូបលោក ស្វាគមន៍មួយរយភាគរយ ក្នុងការផ្តល់សក្ខីកម្មពាក់ព័ន្ធនឹងព្រឹត្តិការណ៍ នៃកិច្ចសន្ទនាមួយទល់នឹងមួយ រវាងរូបលោក និងលោក Comey នៅក្រោមពាក្យសម្បថ។
គួរបញ្ជាក់ថា អតីតមេ FBI លោក James Comey ដែលត្រូវបានលោក ត្រាំ បញ្ឈប់ពីតំណែងកាលពីខែឧសភាកន្លងទៅ ក្រោមហេតុផលថា លោកពុំមានសមត្ថភាពដឹកនាំទីភ្នាក់ងារ FBI នោះ បានចូលផ្តល់សក្ខីកម្មក្រោយពាក្យសម្បថ នៅចំពោះមុខគណៈកម្មាធិការស៊ើបអង្កេតព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយអំឡុងពេលនៃការធ្វើសក្ខីកម្មនោះ មានអ្នកទស្សនាដល់ទៅប្រមាណ ២០លាននាក់ឯណោះ តាមប្រព័ន្ធផ្សព្វផ្សាយនានារបស់អាមេរិក៕